ទុតិយអគ្គិសូត្រ

ក្បាលទី 30 · ទំព័រ 129

សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ឧគ្គតសរីរព្រាហ្មណ៍ ប្រុងទុកមហាយញ្ញ គឺចងក្រៀកគោបា ៥០០ នឹងឈើសន្លុង ដើម្បីសម្លាប់បូជា ចងក្រៀកកូនគោឈ្មោល ៥០០ នឹងឈើសន្លុង ដើម្បី សម្លាប់បូជា ចងក្រៀកកូនគោញី ៥០០ នឹងឈើសន្លុង ដើម្បីសម្លាប់បូជា ចងក្រៀកពពែ ៥០០ នឹងឈើសន្លុង ដើម្បីសម្លាប់បូជា ចងក្រៀកកែះ ៥០០ នឹងឈើសន្លុង ដើម្បីសម្លាប់បូជា ។ វេលានោះ ឧគ្គតសរីរព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹង ព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យដែលគួររពឫក ហើយ អង្គុយក្នុងទីសមគួរ ។ លុះឧគ្គតសរីរព្រាហ្មណ៍ អង្គុយក្នុងទីសមគួរ ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮថា ការតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ( ដើម្បី បូជាយញ្ញ ) ជាកិច្ចមានផលច្រើន មានអានិសង្សច្រើន ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ដំណើរនោះតថាគតក៏បានឮថា ការតាំង ទុកនូវភ្លើង លើកឡើងនូវឈើសន្លុងជាកិច្ចមានផលច្រើន មានអានិសង្ស ច្រើនដែរ ។ ជាគម្រប់ពីរដង ។ បេ ។ ឧគ្គតសរីរព្រាហ្មណ៍ ក៏បានក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគ ជាគម្រប់បីដងដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮថា ការតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ជាកិច្ចមាន ផលច្រើន មានអានិសង្សច្រើន ។ ម្នាលព្រាហ្មណ៍ ដំណើរនុ៎ះ តថាគត ក៏បានឮថា ការតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ជាកិច្ចមានផល ច្រើន មានអានិសង្សច្រើនដែរ ។