អដ្ឋកថាទុតិយអគ្គិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអគ្គិសូត្រទី ៤ ដូចតទៅនេះ បទថា ឧគ្គតសរីរស្ស សេចក្តីថា បានឮថា ព្រាហ្មណមហាសាលនោះ ជាបុគ្គលខ្ពស់ដោយអត្តភាព ដល់នូវសារសម្បត្តិដោយភោគៈ ព្រោះហេតុ នោះ ទើបប្រាកដឈ្មោះថា ព្រាហ្មណ៍ជាអ្នកមានខ្លួនខ្ពស់ ។ បទថា ឧបក្ខដោ បានដល់ ប្រុងប្រៀប ។ បទថា ថូណូបនីតានិ បានដល់ នាំចូលទៅកាន់ សសរសន្លុង ពោល គឺបង្គោលសម្រាប់បូជាយញ្ញ ។ បទថា យញ្ញត្ថាយ បានដល់ ដើម្បីជាប្រយោជន៍ដល់ការសម្លាប់បូជាយញ្ញ ។ បទថា ឧបសង្កមិ សេចក្តីថា បានឮថា ព្រាហ្មណ៍នោះ ត្រៀមគ្រឿងប្រកបយញ្ញទាំងអស់ នោះហើយ គិតថា បានឮថា ព្រះសមណគោតម ជាអ្នកមានបញ្ញាច្រើន ទ្រង់នឹងត្រាស់សរសើរយញ្ញរបស់អាត្មាអញឬហ្ន៎ ឬត្រាស់តិះដៀល អញ នឹងទូលសួរ ទើបដឹងដោយហេតុនេះ ទើបចូលទៅគាល់ព្រះមានព្រះភាគ ។ បទថា អគ្គិស្ស អាធានំ សេចក្តីថា ការបង្កាត់ភ្លើងដែលជាមង្គល ៩ ប្រការ ដើម្បីបូជាយញ្ញ ។ ដោយបទថា សព្វេន សព្វំ នេះ ឧគ្គតសរីរព្រាហ្មណ៍សម្តែងថា សូត្រទាំងអស់ដែលខ្ញុំស្តាប់មកហើយ រមែងប្រៀបធៀប ោគ្នាបាន រមែងតែមួយ ដូចគ្នានឹងសូត្រទាំងអស់ ។ បទថា សត្ថានិ សេចក្តីថា ដែលឈ្មោះថា សស្រ្តា ព្រោះដូចជា សស្រ្តា ព្រោះអត្ថថា ជាគ្រឿងបៀតបៀន ។ បទថា សយំ បឋមំ សមារភតិ សេចក្តីថា ផ្តើមដោយខ្លួនឯង មុននោះឯង ។ បទថា ហញ្ញន្តុ ប្រែថា ចូរសម្លាប់ ។ បទថា បរិហាតព្វា ប្រែថា គប្បីបរិហារ ។ បទថា ឥតោ ហយំ កាត់បទជា ឥតោ ហិ មាតាបិតិតោ អយំ ប្រែថា បុគ្គលនេះជាចំណែកមាតា និងបិតា ។ បទថា អាហុតោ ប្រែថា មកហើយ ។ បទថា សម្ភូតោ ប្រែថា កើតឡើងហើយ ។