អដ្ឋកថាទុតិយសញ្ញាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសញ្ញាសូត្រទី ៦ ដូចតទៅនេះ បទថា មេថុនធម្មសមាបត្តិយា ដល់ព្រមដោយមេថុនធម្ម ។ បទថា ន្ហារុទទ្ទុលំ បានដល់ សរសៃ ឬទងសរសៃ ។ បទថា អនុសន្ទតិ សេចក្តី ថា ប្រព្រឹត្តទៅ ។ បទថា នត្ថិ មេ បុព្វាបរំ វិសេសោ សេចក្តីថា ក្នុងកាល ជាទីចម្រើនសញ្ញាមុន និងកាលចម្រើនសញ្ញាក្រោយរបស់ខ្ញុំមិនប្លែកគ្នា ។ បទថា លោកចិត្តេសុ សេចក្តីថា លោកដ៏វិចិត្រ ពោល គឺសន្និវាស ដែលប្រកបដោយធាតុ ៣ ។ បទថា អាលស្សេ បានដល់ ក្នុងការខ្ជិលច្រអូស ។ បទថា វិស្សដ្ឋិយេ បានដល់ ការរួញរា ។ បទថា អននុយោគេ បានដល់ មិន ប្រកបដោយសេចក្តីព្យាយាម ។ បទថា អហង្ការមមង្ការមានាបគតំ បានដល់ ប្រាសចាកទិដ្ឋិថាជាអញ ប្រាសចាកតណ្ហាថាជារបស់អញ ប្រាសចាក មានះ ៩ យ៉ាង ។ បទថា វិធាសមតិក្កន្តំ សេចក្តីថា ឈានកន្លង កិលេស ៣ យ៉ាង ។ បទថា សន្តំ បានដល់ ស្ងប់ចាកកិលេស ដែលជា សត្រូវដល់ការចម្រើនសញ្ញានោះ ។ បទថា សុវិមុត្តំ បានដល់ រួចផុត ដោយល្អ ដោយវិមុត្តិ ៥ ។