មេថុនសូត្រ

ក្បាលទី 30 · ទំព័រ 153

គ្រានោះ ព្រាហ្មណ៍ឈ្មោះជាណុស្សោណី ចូលទៅគាល់ព្រះ ដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ត្រេកអររីករាយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុង ទីសមគួរ ។ លុះជាណុស្សោណីព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បាន ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា ព្រះគោតមដ៏ចម្រើនប្តេជ្ញាថាជាអ្នក ប្រព្រឹត្តធម៌ដ៏ប្រសើរឬ ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ គេកាលបើពោល ត្រឹមត្រូវ គប្បីពោលចំពោះបុគ្គលដែលប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ។ ម្នាលព្រាហ្មណ៍ កាលគេ ពោលដោយត្រឹមត្រូវ គប្បីពោលចំពោះតថាគតនោះឯងថា ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិន ពពាល មិនពព្រុស ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះការដាច់ក្តី ធ្លុះក្តី ពពាល ក្តី ពព្រុសក្តី នៃព្រហ្មចរិយធម៌ តើដូចម្តេច ។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះក្នុង លោកនេះ ជាសមណៈ ឬព្រាហ្មណ៍ប្តេជ្ញាថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ដោយ ប្រពៃ មិនបានប៉ះពាល់នូវការប៉ះពាល់ ដោយបុគ្គលពីរៗ មួយអន្លើដោយ មាតុគ្រាម ( សេពមេថុន ) តែថា រមែងត្រេកអរនឹងការដុសខាត់ នួត ងូត ច្របាច់របស់មាតុគ្រាម ។ បុគ្គលនោះ រមែងត្រេកអរនឹងការដុសខាត់នោះ រីករាយនឹងការដុសខាត់នោះ ដល់នូវសេចក្តីត្រេកអរ ដោយការដុសខាត់នោះ ។ ម្នាលព្រាហ្មណ៍ នេះឯង ហៅថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ មិនបរិសុទ្ធ ជាអ្នកប្រកបដោយមេថុនសំយោគ រមែងមិនផុតចាកជាតិ ជរាម រណៈ សោក បរិទេវៈ ទុក្