អដ្ឋកថាមេថុនសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងមេថុនសូត្រទី ៧ ដូចតទៅនេះ បទថា ឧបសង្កមិ សេចក្តីថា ជាណុស្សោណីព្រាហ្មណ៍ បរិភោគអាហារព្រឹកហើយ ចោមរោមទៅដោយទាសៈ និងកម្មករ ចូលទៅគាល់ព្រះមានព្រះភាគ ។ បទ ថា ភវំបិ នោ កាត់បទជា ភវំបិ នុ ។ បទថា ព្រហ្មចារី បដិជានាតិ សេចក្តីថា ព្រាហ្មណ៍នោះសួរថា ព្រះគោតមដ៏ចម្រើនប្តេជ្ញាការនៅប្រព្រឹត្ត ព្រហ្មចរិយៈយ៉ាងនេះថា តថាគតជាអ្នកប្រព្រឹត្តព្រហ្មចរិយៈ បានឮថា ព្រាហ្មណ៍មានការគិតយ៉ាងនេះថា ព្រាហ្មណ៍ទាំងឡាយ រៀនវេទក្នុងលទ្ធិ របស់ព្រាហ្មណ៍ ប្រព្រឹត្តព្រហ្មចរិយៈអស់ ៤៨ ឆ្នាំ ឯព្រះសមណគោតម កាលនៅគ្រប់គ្រងផ្ទះ បានអភិរម្យជាមួយស្រីស្នំ ៣ ក្រុម ក្នុងប្រាសាទទាំង ៣ ឥឡូវនេះ ព្រះសមណគោតមត្រាស់ដូចម្តេចហ្ន៎ ដូច្នេះហើយ ទើបបាន សួរយ៉ាងនេះ សំដៅយកសេចក្តីនេះ ។ លំដាប់នោះឯង ព្រះមានព្រះភាគ កាលទ្រង់បន្លឺសីហនាទ សំដៅដល់សូម្បីត្រឹមតែវិតក្កក៏មិនកើតឡើង ប្រារព្ធសុខ ក្នុងរាជសម្បត្តិ ឬការដល់ព្រមដោយអ្នករបាំ ក្នុងប្រាសាទទាំងឡាយ ព្រោះ ព្រះអង្គទ្រង់បំពេញសេចក្តីព្យាយាមអស់ ៦ វស្សា ក្នុងកាលដែលទ្រង់នៅ មានកិលេស ដូចបុគ្គលចាប់ពស់វែកដោយមន្ត និងដូចយកជើងជាន់កសត្រូវ ដូច្នោះ ទើបត្រាស់ពាក្យជាដើមថា យញ្ញិ តំ ព្រាហ្មណ ។ បណ្តាបទទាំងនោះ បទថា ទ្វយន្ទ្វយសមាបត្តឹ សេចក្តីថា ភាពដែល គប្បីបដិបត្តិ ២ ចំពោះ ២ ។ បទថា ទុក្ខស្មា បានដល់ ចាកទុក្ខក្នុងវដ្តៈ ទាំងមូល ។ បទថា សញ្ជគ្ឃតិ បានដល់ សម្តែងនូវការញញឹម ។ បទថា សំកីឡតិ បានដល់ ធ្វើការចំអកលេង ។ បទថា សំកេឡាយតិ បានដល់ សើចខ្លាំង ។