អដ្ឋកថាសំយោគសូត្រ

ក្បាលទី 30 · ទំព័រ 162

គប្បីជ្រាបវិនិច្ឆ័យក្នុងសំយោគសូត្រទី ៨ ដូចតទៅនេះ បទថា សញ្ញោគវិសញ្ញោគំ សេចក្តីថា ធ្វើការប្រកប និងការមិនប្រកប ឲ្យសម្រេច ។ បទថា ធម្មបរិយាយំ បានដល់ ហេតុនៃធម៌ ។ បទថា អជ្ឈត្តំ ឥត្ថ្រិន្ទិយំ បានដល់ ភាពជាស្រីខាងក្នុងរបស់ខ្លួន ។ បទថា ឥត្ថីកុត្តំ បានដល់ កិរិយារបស់ស្រី ។ បទថា ឥត្ថាកប្បំ បានដល់ មារយាទ របស់ស្រី មានការស្លៀក និងដណ្តប់ជាដើម ។ បទថា ឥត្ថីវិធំ បានដល់ បែបផែនរបស់ស្រី ។ បទថា ឥត្ថិច្ឆន្ទំ បានដល់ ការពេញចិត្តអធ្យាស្រ័យ នៃស្រី ។ បទថា ឥត្ថិស្សរំ ប្រែថា សំឡេងរបស់ស្រី ។ បទថា ឥត្ថាលង្ការំ បានដល់ អលង្ការរបស់ស្រី ។ សូម្បីក្នុងបុរិស្រិន្ទិយជាដើមក៏មាន ន័យដូចគ្នា ។ បទថា ពហិទ្ធា សញ្ញោគំ បានដល់ សេពគប់នឹងបុរស ។ បទថា អតិវត្តតិ សត្វកន្លងផុតភាពជាស្រី ភាពជាបុរស ព្រោះបានសម្រេច អរិយមគ្គ ដោយវិបស្សនាមានកម្លាំង ដែលពោលយ៉ាងនេះថា មិនត្រេកអរ ក្រៃលែង ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគត្រាស់វដ្តៈផង វិវដ្តៈផង ។