នន្ទមាតាសូត្រ

ក្បាលទី 30 · ទំព័រ 170

សម័យមួយ ព្រះមានព្រះភាគ ព្រះសារីបុត្តដ៏មានអាយុ និង ព្រះមហាមោគ្គល្លានដ៏មានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងទក្ខិណាគិរី ជាមួយនឹង ភិក្ខុសង្ឃច្រើនរូប ។ សម័យនោះឯង នន្ទមាតាឧបាសិកា នៅក្នុងក្រុង ឈ្មោះវេឡុកណ្តកៈ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី សូត្របារាយនធម៌ គឺព្រះនិព្វាន ដោយសំឡេងដ៏ពីរោះ ។ សម័យនោះឯង មហារាជឈ្មោះ វេស្សវ័ណ ស្តេចចេញទៅអំពីទិសខាងជើង ទៅកាន់ទិសខាងត្បូង ដោយកិច្ច នីមួយ ។ មហារាជឈ្មោះវេស្សវ័ណ បានឮនន្ទមាតាឧបាសិកា កំពុងសូត្រ បារាយនធម៌ ដោយសំឡេង ( ដ៏ពីរោះ ) ក៏បង្អង់ឈរចាំស្តាប់ត្រាតែចប់ពាក្យ ពោល ។ លុះនន្ទមាតាឧបាសិកា សូត្រនូវបារាយនធម៌ ដោយសំឡេង ( ដ៏ ពីរោះ ) រួចហើយ ក៏នៅស្ងៀម ។ លំដាប់នោះ មហារាជឈ្មោះវេស្សវ័ណ ជ្រាបច្បាស់នូវការចប់នៃកថា របស់នន្ទមាតាឧបាសិកាហើយ ក៏អនុមោទនាថា ម្នាលនាង ពីរោះណាស់ ម្នាលនាង ពីរោះណាស់ ។ ( នន្ទមាតាឧបាសិកា សួរថា ) បពិត្រព្រះអង្គមានមុខដ៏ចម្រើន ចុះអ្នកជាអ្វី ។ ម្នាលនាង ខ្ញុំជា មហារាជឈ្មោះវេស្សវ័ណ ជាប្អូននៃនាង ។ បពិត្រព្រះអង្គ អ្នកមានមុខដ៏ ចម្រើន ប្រពៃហើយ បើដូច្នោះ ធម្មបរិយាយដែលខ្ញុំពោលហើយនេះ សូមជា បណ្ណាការយ៉ាងវិសេសដល់ព្រះអង្គ ។ វេស្សវ័ណមហារាជពោលថា ម្នាល នាង ប្រពៃហើយ ពាក្យនុ៎ះ សូមជាបណ្ណាការយ៉ាងវិសេសដល់ខ្ញុំចុះ ភិក្ខុ សង្ឃ មានព្រះសារីបុត្ត និងព្រះមហាមោគ្គល្លានជាប្រធាន មិនទាន់បានធ្វើ ភត្តកិច្ចក្នុងវេលាព្រឹក នឹងមកកាន់វេឡុកណ្តកនគរក្នុងថ្ងៃស្អែក នាងចូរអង្គាស នូវភិក្ខុសង្ឃនោះ ឧទ្ទិសនូវចំណែកបុណ្យដល់ខ្ញុំផង បណ្ណាការយ៉ាងវិសេស នឹងមានដល់ខ្ញុំយ៉ាងនេះឯង ។