អដ្ឋកថាបុរិសគតិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបុរិសគតិសូត្រទី ២ ដូចតទៅនេះ បទថា បុរិសគតិយោ បានដល់ ញាណគតិរបស់បុរស ។ បទថា អនុបទាបរិនិព្វានំ បានដល់ បរិនិព្វានដែលមិនមានបច្ច័យតាក់តែង ។ បទថា នោ ចស្ស សេចក្តីថា បើកម្មកើតឡើងក្នុងអត្តភាពដែលជាអតីតមិន មានហើយសោត ។ បទថា នោ ច មេ សិយា សេចក្តីថា ក្នុងអត្តភាពនេះ ក្នុងកាលឥឡូវនេះ កម្មក៏មិនគប្បីមានដល់អញ ។ បទថា ន ភវិស្សតិ សេចក្តីថា ឥឡូវនេះ កម្មដែលនឹងញ៉ាំងអត្តភាពដែលជាអនាគតរបស់អាត្មាអញ ឲ្យកើតឡើង នឹងមិនមាន ។ បទថា ន មេ ភវិស្សតិ សេចក្តីថា អត្តភាពរបស់អាត្មាអញក្នុងអនាគត នឹងមិនមាន ។ បទថា យទត្ថិ យំ ភូតំ សេចក្តីថា បញ្ចក្ខន្ធដែលកំពុងមាន ដែលមានហើយ ដែលជាបច្ចុប្បន្នកើតឡើង ចំពោះមុខ ។ បទថា តំ បជហាមីតិ ឧបេក្ខំ បដិលភតិ សេចក្តីថា រមែងបានឧបេក្ខាដែលសម្បយុត្តដោយវិបស្សនាញាណថា អញនឹងលះបង់ បញ្ចក្ខន្ធនោះ ដោយការលះឆន្ទរាគៈក្នុងបញ្ចក្ខន្ធនោះចេញ ។ បទថា ភវេ ន រជ្ជតិ សេចក្តីថា រមែងមិនមានតម្រេកក្នុងបញ្ចក្ខន្ធដែលជាអតីត ដោយតណ្ហា និងទិដ្ឋិ ។ បទថា សម្ភវេ ន រជ្ជតិ សេចក្តីថា រមែងមិនមានតម្រេកក្នុង បញ្ចក្ខន្ធដែលជាអនាគតដូចគ្នានោះឯង ។ បទថា អត្ថុត្តរិ បទំ សន្តំ សេចក្តីថា ឈ្មោះថា បទ គឺព្រះនិព្វាន ជាសន្តិបទដ៏ក្រៃលែងមាន ។ បទថា សម្មប្បញ្ញាយ បស្សតិ សេចក្តីថា រមែងឃើញដោយប្រពៃនូវបទ គឺ ព្រះនិព្វាននោះ ដោយមគ្គប្បញ្ញា មួយអន្លើដោយវិបស្សនា ។ បទថា ន សព្វេន សព្វំ សេចក្តីថា បទទាំងពួង ដែលភិក្ខុធ្វើឲ្យជាក់ច្បាស់ហើយ ដោយអាការទាំងពួង ព្រោះលះកិលេសពួកខ្លះមិនទាន់បាន ព្រោះអវិជ្ជាដែល បិទបាំងសច្ចៈ មិនទាន់កម្ចាត់បានដោយប្រការទាំងពួង ។