អដ្ឋកថាមោគ្គល្លានសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងមោគ្គល្លានសូត្រទី ៨ ដូចតទៅនេះ បទថា ចបលាយមានោ សេចក្តីថា ព្រះមហាមោគ្គល្លាន ចូលទៅអាស្រ័យ ស្រុកនោះ ធ្វើសមណធម៌ក្នុងដងព្រៃមួយ មានរាងកាយលំបាក ព្រោះត្រូវ សេចក្តីព្យាយាមក្នុងការចង្រ្កមអស់ ៧ ថ្ងៃបៀតបៀន ទើបអង្គុយងក់ខាងចុង ទីប្រង្កម ។ បទថា ចបលាយសិ នោ កែជា និទ្ទាយសិ នុ ប្រែថា អ្នក ងក់ឬ ។ បទថា អនុមជ្ជិត្វា ប្រែថា ស្ទាបអង្អែលហើយ ។ បទថា អាលោកសញ្ញំ បានដល់ ការសម្គាល់ក្នុងពន្លឺ ដើម្បីបន្ទោបង់នូវការងក់ ។ បទថា ទិវាសញ្ញំ បានដល់ ការសម្គាល់ថាជាពេលថ្ងៃ ។ បទថា យថា ទិវា តថារត្តឹ សេចក្តីថា លោកតាំងនូវការសម្គាល់ថា ពន្លឺក្នុងពេលថ្ងៃ យ៉ាងណា លោកតាំងការសម្គាល់ថា ពន្លឺនោះសូម្បីក្នុងពេលយប់ ក៏ដូច្នោះ ។ ពាក្យថា យថា រត្តឹ តថា ទិវា លោកតាំងសេចក្តីសម្គាល់ថា ពន្លឺក្នុងពេលយប់ យ៉ាងណា លោកតាំងសេចក្តីសម្គាល់ថា ពន្លឺនោះសូម្បីក្នុងពេលថ្ងៃក៏ដូច្នោះ ។ បទថា សប្បភាសំ លោកគប្បីឲ្យប្រព្រឹត្តទៅ មួយអន្លើដោយពន្លឺ ដើម្បី ប្រយោជន៍ដល់ទិព្វចក្ខុញ្ញាណ ។ បទថា បច្ឆាបុរេសញ្ញី សេចក្តីថា ជាអ្នក មានសញ្ញា ដោយសញ្ញាដែលនាំទៅទាំងខាងមុខ និងខាងក្រោយ ។ បទថា អន្តោគតេហិ ឥន្ទ្រិយេហិ បានដល់ ដោយឥន្ទ្រិយ ៥ ដែលមិនផ្សាយទៅ ខាងក្រៅ ដែលចូលមកតាំងនៅខាងក្នុងបុណ្ណោះ ។ បទថា មិទ្ធសុខំ បាន ដល់ សេចក្តីសុខដែលកើតអំពីការដេកលក់ ព្រះមានព្រះភាគសម្តែង កម្មដ្ឋាន ជាគ្រឿងបន្ទោបង់នូវការងោកងុយដល់ព្រះថេរៈ ដោយឋានៈមាន ប្រមាណបុណ្ណេះ ។