ភរិយាសូត្រ
គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅ របស់អនាថបិណ្ឌិកគហបតី លុះចូលទៅ ដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ ។ សម័យនោះឯង មនុស្សទាំងឡាយ មានសំឡេងហោក្រេញ្ជៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី ។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសំឡេងហោក្រេញ្ជៀវក្នុងលំនៅនៃអ្នក ទំនងដូចជាព្រានសន្ទូចចាប់ត្រីដូចម្តេច ហ្ន៎ ។ បពិត្រព្រះអង្គដ៏ចម្រើន នាងសុជាតានេះ ជាឃរសុណ្ហា ( កូនប្រសា ស្រីក្នុងផ្ទះ ) ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិន បានធ្វើសក្ការៈ មិនបានគោរព មិនបានរាប់អាន មិនបានបូជាព្រះដ៏មាន ព្រះភាគ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ ។ នាងសុជាតាជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយ បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះនាងសុជាតាជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះមាន ៧ ពួក ។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ ។ គឺវធសមាភរិយា ( ភរិយាស្មើដោយអ្នកសម្លាប់ ) ១ ចោរសមាភរិយា ( ភរិយាស