អដ្ឋកថាកោធនាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងកោធនាសូត្រទី ១១ ដូចតទៅនេះ បទថា សបត្តកន្តា បានដល់ ជាទីពេញចិត្ត គឺជាទីស្រឡាញ់របស់បុគ្គល ដែលជាសត្រូវ ដែលមានពៀរចំពោះគ្នា គឺជាអ្នកតាំងនៅក្នុងភាវៈដែលជា សត្រូវទាំងនោះប្រាថ្នាហើយ ។ បទថា សបត្តការណា បានដល់ ហេតុនៃ ប្រយោជន៍របស់បុគ្គលដែលជាសត្រូវមានពៀរនឹងគ្នា ។ បទថា កោធបរេតោ បានដល់ នៅក្នុងអំណាចសេចក្តីក្រោធ ។ បទថា បចុរត្ថតាយ បានដល់ ដើម្បីជាប្រយោជន៍ច្រើន ដើម្បីឧបការៈច្រើន ។ បទថា អនត្ថំបិ បានដល់ នូវសេចក្តីមិនចម្រើន ។ បទថា អត្ថោ មេ គហិតោ សេចក្តីថា អាត្មាអញ កាន់យកតែសេចក្តីចម្រើន ។ បទថា អថោ អត្ថំ គហេត្វាន សេចក្តីថា ម្យ៉ាងទៀត កាលកាន់យកការចម្រីនបានហើយ ។ បទថា អនត្ថំ បដិបជ្ជតិ សេចក្តីថា រមែងកំណត់ថា អាត្មាអញកាន់យកវត្ថុដែលមិនជាប្រយោជន៍ ហើយ ។ បទថា វធំ កត្វាន សេចក្តីថា ធ្វើកម្ម គឺបាណាតិបាតហើយ ។ បទថា កោធសម្មទសម្មត្តោ សេចក្តីថា បុគ្គលស្រវឹងហើយ ដោយសេចក្តី ស្រវឹង គឺសេចក្តីក្រោធ អធិប្បាយថា បុគ្គលមានសេចក្តីស្រវឹង ដែលខ្លួន ប្រកាន់ពាល់ត្រូវហើយ ។ បទថា អាយសក្យំ បានដល់ នូវការមិនមានយស អធិប្បាយថា ជាអ្នកប្រាសចាកយស គឺភាពជាអ្នកឥតយស ។ បទថា អន្តរតោ ជាតំ បានដល់ កើតឡើងហើយខាងក្នុង ។ បទថា អត្ថំ ន ជានាតិ សេចក្តីថា មិនស្គាល់ប្រយោជន៍ គឺសេចក្តីចម្រើន ។ បទថា ធម្មំ ន បស្សតិ សេចក្តីថា រមែងមិនឃើញធម៌ គឺសមថៈ និងវិបស្សនា ។ បទថា អន្ធតមំ សេចក្តីថា អវិជ្ជាដែលធ្វើនូវការខ្វាក់ ឬការងងឹតស្លុប ។