សុរិយសូត្រ

ក្បាលទី 30 · ទំព័រ 255

សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងអម្ពបាលិវ័ន ទៀបក្រុងវេសាលី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ ព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងទាត់ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយមិនខ្ជាប់ខ្ជួន ម្នាលភិក្ខុទាំងឡាយ សង្ខារ ទាំងឡាយ មិនឋិតថេរ ម្នាលភិក្ខុទាំងឡាយ ហេតុនោះបុគ្គលគួរនឿយណាយ គួរធុញទ្រាន់ គួររួចស្រឡះចាកសង្ខារទាំងពួង ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាង ស្តេចភ្នំឈ្មោះសិនេរុ ទទឹង ៨ ម៉ឺន ៤ ពាន់យោជន៍ បណ្តោយ ៨ ម៉ឺន ៤ ពាន់យោជន៍ លិចចុះក្នុងមហាសមុទ្រ ៨ ម៉ឺន ៤ ពាន់យោជន៍ ផុសឡើង អំពីមហាសមុទ្រ ៨ ម៉ឺន ៤ ពាន់យោជន៍ ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលភ្លៀងមិនបង្អុរចុះ អស់ច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ច្រើនសែនឆ្នាំ ម្នាលភិក្ខុទាំងឡាយ កាលបើភ្លៀងមិនបង្អុរចុះ ពីជគាម ភូតគាម ឈើជាថ្នាំ ស្មៅ និងឈើជាធំក្នុងព្រៃណាមួយ ពីជគាម ភូតគាម និង ឈើជាថ្នាំ ស្មៅ និងឈើជាធំក្នុងព្រៃទាំងនោះ នឹងស្វិតស្ងួតមិនកើតឡើង ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយមិនទៀងយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយមិនខ្ជាប់ខ្ជួនយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ បុគ្គលគួរនឿយណាយ គួរធុញទ្រាន់ គួររួចស្រឡះចាកសង្ខារទាំងពួង ។ ម្នាលភិក្ខុទាំងឡាយ មាន សម័យដែលព្រះអាទិត្យជាគម្រប់ពីរ កើតប្រាកដដោយអំណឹះនៃកាលដ៏វែង ម្តងៗ ។