អដ្ឋកថានគរោបមសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងនគរោបមសូត្រទី ៣ ដូចតទៅនេះ បទថា យតោ ប្រែថា ក្នុងកាលណា ។ បទថា បច្ចន្តិមំ បានដល់ នគរ ដែលតាំងនៅក្នុងទីបំផុតនៃដែន គឺចុងដែន ។ ការរក្សានគរក្នុងមជ្ឈិមប្រទេស រមែងមិនមាន ព្រោះហេតុនោះ ទើបទ្រង់មិនកាន់យកកិច្ច គឺរក្សានគរនោះ ។ បទថា នគរបរិក្ខារេហិ បរិក្ខិត្តំ សេចក្តីថា ប្រដាប់តាក់តែងដោយគ្រឿង ប្រដាប់ព្រះនគរ ។ បទថា អករណីយំ សេចក្តីថា ដែលសត្រូវខាងក្រៅ គប្បីធ្វើមិនបាន គឺយកឈ្នះមិនបាន ។ បទថា គម្ភីរនេមា បានដល់ រណ្តៅ ជ្រៅ ។ បទថា សុនិខាតា បានដល់ កប់ទុកល្អហើយ ។ ឯអ្នកនគរ រមែង ធ្វើសសរគោលនោះដោយឥដ្ឋខ្លះ ដោយថ្មខ្លះ ដោយឈើមានខ្លឹម មានឈើ គគីរជាដើមខ្លះ ដើម្បីសាងសសរគោលនោះ ដើម្បីជាប្រយោជន៍ដល់ការរក្សា ព្រះនគរ កសាងទុកខាងក្រៅព្រះនគរ កាលសាងដើម្បីប្រយោជន៍ដល់ការ តាក់តែង កសាងទុកខាងក្នុងព្រះនគរ ។ កាលធ្វើសសរគោលនោះឲ្យសម្រេចដោយឥដ្ឋ ក៏ជីករណ្តៅធំកប់ខាងលើ ធ្វើជា ៨ ជ្រុង បូកលាបដោយបាយ-អ កាលណាដំរីយកភ្លុកបុស ក៏មិន ញាប់ញ័រ កាលនោះ សសរគោលនោះ រមែងឈ្មោះថា បូកលាបល្អហើយ សសរគោលទោះសម្រេចដោយថ្មជាដើម ជាសសរ ៨ ជ្រុងបុណ្ណោះ ។ បើ សសរទាំងនោះវែង ៨ ហត្ថសោត ក៏កប់ក្នុងរណ្តៅជម្រៅប្រមាណ ៤ ហត្ថ ខាងលើប្រមាណ ៤ ហត្ថ សូម្បីសសរគោល ១៦ ហត្ថ ឬ ២០ ហត្ថក ៏ន័យនេះដូចគ្នា ។ សសរគោលទាំងអស់កប់ចូលទៅខាងក្រោមពាក់កណ្តាល ខាងលើពាក់កណ្តាល សសរទាំងនោះវៀចដូចទឹកនោមគោ ព្រោះហេតុនោះ បុគ្គលរមែងអាចធ្វើការងារបាន ដោយប្រើឈើរេបោក្នុងរវាងសសរទាំងនោះ ម្យ៉ាងទៀត សសរទាំងនោះ គេធ្វើឆ្នូតទុកលើកទង់ផងដែរ ។