អដ្ឋកថាភាវនាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងភាវនាសូត្រទី ៧ ដូចតទៅនេះ បទថា អននុយុត្តស្ស សេចក្តីថា កាលភិក្ខុមិនប្រកបរឿយៗ និងមិនប្រកបទួទៅ ហើយ ។ ពាក្យថា សេយ្យថាបិ ភិក្ខវេ កុក្កុដិយា អណ្ឌានិ សេចក្តីថា ព្រះមានព្រះភាគត្រាស់ឧបមានេះ ឲ្យជា ២ ប្រការ គឺធម៌ចំណែកខ្មៅ និង ធម៌ចំណែកស ។ បណ្តាឧបមា ២ យ៉ាងនោះ ឧបមានៃធម៌ចំណែកខ្មៅ មិនធ្វើប្រយោជន៍ ឲ្យសម្រេច ធម៌ចំណែកស ធ្វើប្រយោជន៍ឲ្យសម្រេច ព្រោះហេតុនោះ បណ្ឌិត គប្បីជ្រាបប្រយោជន៍ ដោយឧបមា នៃធម៌ចំណែកសនោះឯង ។ សព្ទថា សេយ្យថា ជានិបាត ប្រើក្នុងអត្ថនៃឧបមា ។ សព្ទថា អបិ ជានិបាត ប្រើ ក្នុងអត្ថនៃសម្ភាវនៈ លើកតម្កើង ព្រះមានព្រះភាគទ្រង់សម្តែងថា សេយ្យថាបិ នាម ភិក្ខវេ ដូច្នេះ ។ ក្នុងព្រះបាលីនេះថា កុក្កុដិយា អណ្ឌានិ អដ្ឋ វា ទស វា ទ្វាទស វា មានវិនិច្ឆ័យដូចតទៅនេះថា មេមាន់មានពងខ្វះ ឬលើស ដោយប្រការដែល ត្រាស់ហើយក៏ពិត តែទ្រង់ត្រាស់ពាក្យនេះ ដើម្បីឲ្យពាក្យពីរោះ ។ បទថា តានស្សុ កាត់បទជា តានិ អស្សុ សេចក្តីថា ពងទាំងនោះគប្បីមាន ។ បទថា កុក្កុដិយា សម្មាអធិសយិតានិ សេចក្តីថា កាលញីដែលជាមេមាន់ នោះបើកស្លាប ដេកក្រាបលើពងទាំងនោះ ឈ្មោះថា ក្រាបហើយដោយ ប្រពៃ ។ បទថា សម្មា បរិសេទិតានិ សេចក្តីថា កាលមេមាន់មានរដូវតាម កំណត់កាល ដែលឈ្មោះថា ឲ្យឆ្អិនហើយដោយជុំវិញដោយល្អ អធិប្បាយថា ធ្វើឲ្យក្តៅហើយ ។ បទថា សម្មា បរិភាវិតានិ សេចក្តីថា ក្តៅដោយជុំវិញ ដោយល្អតាមកំណត់កាល អធិប្បាយថា ពងបានទទួលកម្តៅរបស់មេមាន់ ។ ពាក្យថា កិញ្ចាបិ តស្សា កុក្កុដិយា សេចក្តីថា ព្រោះមេមាន់នោះធ្វើការមិន