អគ្គិក្ខន្ធោបមសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិកក្នុងដែន កោសល ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ។ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ ផ្លូវឆ្ងាយ ទ្រង់បានឃើញគំនរភ្លើងធំ ក្នុងប្រទេសមួយកន្លែងកំពុងឆេះភ្លឺ ច្រាលរន្ទាល សន្ធោសន្ធៅ លុះទតឃើញហើយ ក៏យាងចេញអំពីផ្លូវ ទៅគង់ លើអាសនៈដែលគេក្រាលថ្វាយ ប្របគល់ឈើមួយដើម ។ លុះព្រះដ៏មានព្រះភាគ គង់រួចហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយបានឃើញគំនរភ្លើងធំឯណោះ កំពុងឆេះភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ដែរឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ ហេតុនោះថាដូចម្តេច ភិក្ខុអង្គុយ ឬដេកឱបគំនរភ្លើងធំឯណោះ កំពុងឆេះភ្លឺច្រាល រន្ទាលសន្ធោសន្ធៅ ហើយនឹងភិក្ខុអង្គុយ ឬដេកឱបខត្តិយកញ្ញាក្តី ព្រាហ្មណកញ្ញាក្តី គហបតិកញ្ញាក្តី ដែលមានដៃ និងជើងដ៏ទន់ល្វាសល្វន់ តើរបស់ណា ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុអង្គុយ ឬដេកឱបខត្តិយកញ្ញាក្តី ព្រាហ្មណកញ្ញាក្តី គហបតិកញ្ញាក្តី ដែលមានដៃ និងជើងដ៏ទន់ល្វាសល្វន់នុ៎ះឯង ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ឯភិក្ខុអង្គុយ ឬដេកឱបគំនរភ្លើងធំ ឯណោះ កំពុងឆេះភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ នុ៎ះជាសេចក្តីទុក្ខវិញទេ ។ ម្នាល ភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតពន្យល់ អ្នកទាំងឡាយ ភិក្ខុអង្គុយ ឬដេកឱបគំនរភ្លើងធំឯណោះ កំពុងឆេះភ្លឺច្រាល