អដ្ឋកថាអរកានុសាសនីសូត្រ
ក្បាលទី 30 · ទំព័រ 336
គប្បីជ្រាបវិនិច្ឆ័យក្នុងអរកានុសាសនីសូត្រទី ១០ ដូចតទៅ នេះ បទថា បរិត្តំ សេចក្តីថា តិច គឺតិចតួច ។ ពិតហើយ ជីវិតនោះ ឈ្មោះថា មានតិចតួចបុណ្ណោះ ព្រោះមានកិច្ចបន្តិចបន្តួចខ្លះ ព្រោះមានរយៈ កាលតិចតួចខ្លះ ព្រោះតាំងនៅក្នុងរយៈតិចតួចខ្លះ ជីវិតនោះឈ្មោះថា លហុក ព្រោះកើតរហ័ស រលត់រហ័ស ។ បទថា មន្តាយ ផោដ្ឋព្វំ សេចក្តីថា គប្បី ពាល់ត្រូវដោយការដឹង អធិប្បាយថា គប្បីដឹងដោយបញ្ញា ។ បទថា បព្វតេយ្យា បានដល់ ដែលកើតអំពីភ្នំ ។ បទថា ហារហារិនី សេចក្តីថា អាច កួចយកវត្ថុដែលគប្បីកួចយកទៅបាន ដូចជាដើមឈើ ដើមបបុស និងឫស្សី ជាដើម ។ ពាក្យដ៏សេស ក្នុងបទទាំងពួងងាយយល់ហើយ ។