អដ្ឋកថា ទុតិយវិនយធរសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ ។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ បាតិមោក្ខទាំង ពីរ ក៏ភិក្ខុនោះចេះចាំដោយត្រឹមត្រូវល្អយ៉ាងពិស្តារ បានចែករលែកដោយល្អ បានឲ្យប្រព្រឹត្តទៅដោយប្រពៃ បានវិនិច្ឆ័យដោយត្រឹមត្រូវតាមសុត្តៈ តាម របេបោនៃព្យញ្ជនៈ ១ ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួល នូវឈានទាំង ៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយវិនយធរសូត្រទី ២ ដូចតទៅនេះ បទថា ស្វាគតានិ ប្រែថា មកល្អហើយ គឺស្ទាត់ល្អហើយ ។ បទថា សុវិភត្តានិ សេចក្តីថា ចែកជាចំណែកដោយល្អហើយ ។ បទថា សុប្បវត្តីនិ សេចក្តីថា ប្រព្រឹត្តទៅដោយល្អ ក្នុងទីដែលនឹកបាន គឺសូធ្យបាន ស្ទាត់ជំនាញ ។ បទថា សុវិនិច្ឆិតានិ ប្រែថា វិនិច្ឆ័យល្អហើយ ។ បទថា សុត្តសោ បានដល់ ដោយវិភង្គ ។ បទថា អនុព្យញ្ជនសោ បានដល់ ដោយខន្ធកៈ និងបរិវារ ។