វគ្គាសង្គហិតសុត្តន្ត
ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា ភិក្ខុ ព្រោះបានទម្លាយ នូវធម៌ ៧ យ៉ាង ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកបានទម្លាយ សក្កាយទិដ្ឋិ ១ ទម្លាយវិចិកិច្ឆា ១ ទម្លាយសីលព្វតបរាមាសៈ ១ ទម្លាយរាគៈ ១ ទម្លាយទោសៈ ១ ទម្លាយមោហៈ ១ ទម្លាយមានះ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា ភិក្ខុ ព្រោះបានទម្លាយនូវធម៌ទាំង ៧ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា សមណៈ ព្រោះបាន រម្ងាប់ធម៌ ៧ យ៉ាង ។ បេ ។ បុគ្គលដែលហៅថា ព្រាហ្មណ៍ ព្រោះបានបន្សាត់ ។ បេ ។ បុគ្គលដែលហៅថា សោត្តិកៈ ព្រោះជាអ្នកប្រាសចាក ។ បេ ។ បុគ្គល ដែលហៅថា នហាតកៈ ព្រោះជាអ្នកលាងជម្រះ ។ បេ ។ បុគ្គលដែលហៅថា វេទគូ ព្រោះជាអ្នកត្រាស់ដឹង ។ បេ ។ បុគ្គលដែលហៅថា អរហន្ត ព្រោះជា អ្នកឆ្ងាយ ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺឆ្ងាយចាកសក្កាយទិដ្ឋិ ១ ឆ្ងាយចាកវិចិកិច្ឆា ១ ឆ្ងាយចាកសីលព្វតបរាមាសៈ ១ ឆ្ងាយចាករាគៈ ១ ឆ្ងាយចាកទោសៈ ១ ឆ្ងាយចាកមោហៈ ១ ឆ្ងាយចាកមានះ ១ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលដែលហៅថា អរហន្ត ព្រោះឆ្ងាយចាកធម៌ទាំង ៧ យ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្មនេះមាន ៧ យ៉ាង ។ អសទ្ធម្ម ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺបុគ្គលមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមាន ឱត្តប្បៈ ១ ជាអ្នកចេះដឹងតិច ១ ខ្ជិលច្រអូស ១ ភ្លេចភ្លាំងស្មារតី ១ ឥត ប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្មមាន ៧ យ៉ាងនេះឯង ។ ម្នាល ភិក្ខុទាំងឡាយ សទ្ធម្មនេះមាន ៧ យ៉ាង ។ សទ្ធម្ម ៧ យ៉ាង តើដូចម្តេចខ្លះ ។ គឺបុគ្គលមានសទ្ធា ១ មានហិរិ ១ មានឱត្តប្បៈ ១ អ្នកចេះដឹងច្រើន ១ ជា អ្នកផ្គងព្យាយាម ១ មានស្មារតី ១ មានប្រាជ្ញា ១ ។