អដ្ឋកថាមេត្តាសូត្រ

ក្បាលទី 30 · ទំព័រ 357

បឋមបណ្ណាសក គប្បីជ្រាបវិនិច្ឆ័យក្នុងមេត្តាសូត្រទី ១ នៃអដ្ឋកនិបាតដូចតទៅ នេះ បទថា អាសេវិតាយ ប្រែថា សេពដោយអើពើ ។ បទថា ភាវិតាយ ប្រែថា ចម្រើនហើយ ។ បទថា ពហុលីកតាយ ប្រែថា ធ្វើរឿយៗ ។ បទថា យានីកតាយ ប្រែថា ធ្វើឲ្យដូចជាយានដែលទឹមហើយដោយសេះ ។ បទថា វត្ថុកតាយ ប្រែថា ធ្វើឲ្យដូចជាវត្ថុ ទីតាំង ព្រោះអត្ថថា ជាទីតាំង ។ បទថា អនុដ្ឋិតាយ ប្រែថា ចូលទៅតាំងទុកចំពោះ គឺប្រាកដ ។ បទថា បរិចិតាយ ប្រែថា សន្សំ គឺចូលទៅសន្សំដោយប្រពៃ ។ បទថា សុសមារទ្ធាយ ប្រែថា ផ្តើមល្អហើយ គឺធ្វើល្អហើយ ។ បទថា អានិសំសា បាន ដល់ គុណ គឺសេចក្តីល្អ ។ ពាក្យដែលគប្បីពោលក្នុងបទថា សុខំ សុបតិ ដូច្នេះជាដើម ខ្ញុំនឹងពោលក្នុងឯកាទសកនិបាតខាងមុខ ។ បទថា អប្បមាណំ គឺមិនមានប្រមាណដោយការផ្សាយទៅ ។ បទថា តនូ សំយោជនា ហោន្តិ បស្សតោ ឧបធិក្ខយំ សេចក្តីថា សំយោជនៈ ១០ ដែលបុគ្គលសម្រេចអរហត្ត ពោល គឺធម៌ជាទីអស់ទៅនូវឧបធិក្កិលេសដោយ លំដាប់ លះបានដោយវិបស្សនា មានមេត្តាជាបទដ្ឋាន ។ ម្យ៉ាងទៀត បទថា តនូ សំយោជនា ហោន្តិ សេចក្តីថា បដិឃៈ និងសំយោជនៈដែលសម្បយុត្តដោយបដិឃៈ ជាកិលេសដែលស្រាលស្តើង ។ បទថា បស្សតោ ឧបធិក្ខយំ សេចក្តីថា ជាអ្នកឃើញនូវព្រះអរហត្ត ពោល គឺធម៌ជាទីអស់ ឧបធិក្កិលេសទាំងនោះឯង ដោយអំណាចចាក់ធ្លុះ ។ បទថា កុសលំ តេន ហោតិ ប្រែថា រមែងជាកុសលដោយការចម្រើនមេត្តានោះ ។ បទថា សត្តសណ្ឌំ សេចក្តីថា រមែងប្រកបដោយជដៈ គឺពួកសត្វ អធិប្បាយថា ពេញដោយពួកសត្វ ។ បទថា ជិនិត្វា បានដល់ ឈ្នះដោយមិនមែនអាជា មិនប្រើសស្រ្តា ប្រើធម៌តែម្យ៉ាង ។ បទថា រាជិសយោ បានដល់ ព្រះរាជាតា ំងនៅក្នុងធម៌ ដូចឥសី ។