អដ្ឋកថា បឋមអប្បិយសូត្រ
បទថា ភាវនាយ ប្រែថា ដើម្បីជា ប្រយោជន៍ឲ្យគេសរសើរ ឬដើម្បីឲ្យគេលើកតម្កើង ។ បទថា សាមញ្ញាយ គឺដើម្បីជាប្រយោជន៍ដល់សមណធម៌ ។ បទថា ឯកីភាវាយ បានដល់ ដើម្បី ជាប្រយោជន៍ដល់ការមិនឆ្ងាយគ្នា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង រមែងមិន ជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរនៃសព្រហ្មចារី បុគ្គលទាំងឡាយ ។ ធម៌ ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសរសើរចំពោះបុគ្គលមិនជាទីស្រឡាញ់ ១ តិះដៀល នូវជនជាទីស្រឡាញ់ ១ ប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ប្រាថ្នាលាមក ១ យល់ខុស ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ប្រកបដោយធម៌ ៨ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរនៃសព្រហ្មចារីបុគ្គលទាំងឡាយ ។ ធម៌ ៨ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនសរសើរ នូវបុគ្គលមិនជាទីស្រឡាញ់ ១ មិនតិះដៀល នូវជនជាទី ស្រឡាញ់ ១ មិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មានសេចក្តីខ្មាស បាប ១ មានសេចក្តីខ្លាចបាប ១ ប្រាថ្នាតិច ១ មានសេចក្តីយល់ត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាងនេះឯង ទើបជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរនៃសព្រហ្មចារីបុគ្គលទាំងឡាយ ។ ៥