អដ្ឋកថា ទុតិយលោកធម្មសូត្រ
ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះ តែងជាប់ តាមសត្វលោក ទាំងសត្វលោក ក៏វិលទៅតាមនូវលោកធម៌ទាំង ៨ យ៉ាង ដែរ ។ លោកធម៌ ៨ យ៉ាង តើដូចម្តេចខ្លះ ។ គឺលាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ។ ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះឯង តែងជាប់តាមសត្វលោក ទាំងសត្វលោកក៏ វិលទៅតាមនូវលោកធម៌ទាំង ៨ យ៉ាងដែរ ។ ម្នាលភិក្ខុទាំងឡាយ លាភក្តី អលាភក្តី យសក្តី អយសក្តី និន្ទាក្តី បសំសាក្តី សុខក្តី ទុក្ខក្តី តែងកើតឡើង ដល់បុថុជ្ជនអ្នកមិនចេះដឹង ម្នាលភិក្ខុទាំងឡាយ លាភក្តី អលាភក្តី យសក្តី អយសក្តី និន្ទាក្តី បសំសាក្តី សុខក្តី ទុក្ខក្តី តែងកើតឡើងដល់អរិយសាវ័ក អ្នកចេះដឹងដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះក្នុងលោកធម៌ទាំងនោះមានសេចក្តី ប្លែកគ្នាដូចម្តេច មានអធិប្បាយដូចម្តេច មានហេតុផ្សេងគ្នាដូចម្តេច របស់ អរិយសាវ័កអ្នកចេះដឹង និងបុថុជ្ជនអ្នកមិនចេះដឹង ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគជាទីពឹង របស់យើងទាំងឡាយស្រាប់ហើយ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីនៃភាសិតនោះ ជាក់ច្បាស់ដល់ព្រះដ៏មានព្រះភាគ ដោយល្អស្រាប់ហើយ ភិក្ខុទាំងឡាយបានស្តាប់ ( ធម៌ ) របស់ព្រះដ៏មាន ព្រះភាគនឹងចងចាំទុកបាន ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ លាភតែងកើតឡើងដល់បុថុជ្ជន អ្នកមិនចេះដឹង បុថុជ្ជននោះមិ