អដ្ឋកថាករណ្ឌវសូត្រ

ក្បាលទី 30 · ទំព័រ 400

គប្បីជ្រាបវិនិច្ឆ័យក្នុងករណ្ឌវសូត្រទី ១០ ដូចតទៅនេះ បទថា អញ្ញេនាញ្ញំ បដិចរតិ សេចក្តីថា យកហេតុ ឬពាក្យដទៃមកលុបលាងហេតុ ឬពាក្យដទៃ ។ បទថា ពហិទ្ធា កថំ អបនាមេតិ សេចក្តីថា វាចាដែល ជ្រៀតចូលមកដទៃឲ្យចេញក្រៅផ្លូវ ។ បទថា អបនេយ្យោ បានដល់ បុគ្គល នេះគប្បីនាំចេញទៅ ។ បទថា សមណទូសី បានដល់ អ្នកប្រទូស្តសមណៈ ។ បទថា សមណបលាបេ សេចក្តីថា ឈ្មោះថា ជាសមណៈអង្កាម ក្នុង សមណៈទាំងឡាយ ព្រោះមិនមានខ្លឹម ដូចអង្កាមក្នុងស្រូវទាំងឡាយ ។ បទថា សមណករណ្ឌវោ បានដល់ សមណៈសំរាម ។ បទថា ពហិទ្ធា នាសេន្តិ ប្រែថា បណ្តេញចេញទៅខាងក្រៅ ។ បទថា យវករណេ បានដល់ ក្នុងស្រែស្រូវដំណើប ។ បទថា ផុសយមានស្ស បានដល់ ដែលបុគ្គលឈរនៅលើទីខ្ពស់ ហើយបាចទៅក្នុង ទីដែលមានខ្យល់ខ្លាំង ។ បទថា អបសម្មជ្ជន្តិ សេចក្តីថា បោសចេញរឿយៗ ដើម្បីធ្វើស្រូវដែលល្អទុកម្ខាង ស្រូវដែលអាក្រក់ទុកម្ខាង គឺយកចង្អេរ ឬ សំពត់ដែលអាចបក់បាន ឬផ្លិតបក់ទៅ ។ បទថា ទទ្ទរំ បានដល់ មាន សំឡេងខ្លាំង ។ បទថា សំវាសាយ ប្រែថា ព្រោះនៅរួមគ្នា ។ បទថា វិជានេថ ប្រែថា គប្បីដឹងបាន ។ បទថា សន្តវាចោ ប្រែថា មានវាចាទន់ផ្អែម ។ បទថា ជនវតិ ប្រែថា ក្នុងកណ្តាលជន ។ បទថា រហោ ករោតិ ករណំ សេចក្តីថា បាបកម្ម ហៅថា ករណ គឺការធ្វើ បានដល់ ជាអ្នកបិទបាំងការធ្វើ បាបកម្មក្នុងទីកំបាំង ។ បទថា សំសប្បី ច មុសាវាទី សេចក្តីថា ជា បុគ្គលពោលមុសាឡេះឡោះ អធិប្បាយថា និយាយកុហកឡេះឡោះ គឺ ត្រឡប់ចុះត្រឡប់ឡើង ។ ក្នុងសូត្រនេះ ត្រាស់ចំពោះវដ្តៈតែម្យ៉ាង ឯក្នុង គាថាទាំងឡាយ ទ្រង់ត្រាស់វដ្តៈផង និងវិវដ្តៈផង ។