វេរញ្ជសូត្រ

ក្បាលទី 30 · ទំព័រ 402

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ។ គ្រានោះ វេរញ្ជព្រាហ្មណ៍ ចូលសំដៅទៅត្រង់ទីដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ទើបអង្គុយក្នុងទី ដ៏សមគួរ ។ កាលដែលវេរញ្ជព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បាន ក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំបានឮ ពាក្យថា ព្រះសមណគោតម មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់ជរា ជាព្រឹទ្ធាចារ្យមានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលក្នុង បច្ឆិមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរក ព្រាហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ ( ព្រះអង្គក៏មិនធ្វើ ) បពិត្រព្រះគោតម ដ៏ចម្រើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះគោតមដ៏ ចម្រើន មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់ជរា ជា ព្រឹទ្ធាចារ្យមានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយ ថាសូម្បីត្រឹមតែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះ ដោយអាសនៈ ( ព្រះអង្គក៏មិនធ្វើ ) បពិត្រព្រះគោតមដ៏ចម្រើន កិច្ចមានមិន សំពះជាដើមនោះ ជាទំនងពុំសមគួរឡើយ ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុង ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្ស ដ៏សេស តថាគតមិនឃើញអ្នកណាមួយ ល្មមឲ្យតថាគតសំពះ ឬក្រោក ទទួល ឬអញ្ជើញហៅរកឲ្យអង្គុយលើអាសនៈឡើយ ម្នាលព្រាហ្មណ៍ ព្រោះថា បើតថាគតសំពះអ្នកណា ឬក្រោកទទួលអ្នកណា