សីហសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ សម័យនោះឯង ពួកលិច្ឆវីជនច្រើននាក់ ដែលមានកេរ្តឈ្មោះល្បីល្បាញ អង្គុយប្រជុំគ្នាក្នុងសណ្ឋាគារសាលា ពោល សរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយ អនេកបរិយាយ ។ ជួនសម័យនោះឯង សីហសេនាបតីជាសាវ័ករបស់និគណ្ឋនាដបុត្រ អង្គុយក្នុងបរិសទ្យនោះដែរ ។ គ្រានោះ សីហសេនាបតី មានសេចក្តី ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគអង្គនោះ ជាក់ជាអរហន្តសម្មាសម្ពុទ្ធប្រាកដ បានជាពួកលិច្ឆវីជនច្រើននាក់ ដែលមានកេរ្តឈ្មោះល្បីល្បាញទាំងនោះ អង្គុយ ប្រជុំគ្នាក្នុងសណ្ឋាគារសាលា ពោលសរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយ បើដូច្នោះ គួរតែអញ ចូលទៅ ដើម្បីជួបនឹងព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះ ។ លំដាប់នោះ សីហសេនាបតី ចូលទៅឯលំនៅនិគណ្ឋនាដបុត្រ លុះចូលទៅដល់ ហើយ បានស្នើសេចក្តីនេះនឹងនិគណ្ឋនាដបុត្រថា បពិត្រលោកដ៏ចម្រើន ខ្ញុំចង់ ចូលទៅដើម្បីជួបនឹងព្រះសមណគោតម ។ និគណ្ឋនាដបុត្រតបថា ម្នាលសីហៈ អ្នកឯង ជាកិរិយវាទ នឹងចូលទៅជួបព្រះសមណគោតម ជាអកិរិយវាទដូចម្តេច កើត ម្នាលសីហៈ ព្រោះថា សមណគោតមជាអកិរិយវាទ តែងសម្តែង ធម៌ ដើម្បីឃាត់កិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មានពួកសាវ័កដោយធម៌នោះ ដែរ ។ លំដាប់នោះ ការប្រុងប្រៀបដំណើរដើម្បីទៅជួបព្រះដ៏មានព្រះភាគរបស់ សីហសេនាបតី ក៏ត្រឡប់ជាអាក់ខានទៅវិញ ។ ពួកលិច្ឆវីជនច្រើននាក់ដែល មានកេរិឈ្មោះល្បីល្បាញ អង្គុយប្រជុំគ្នាក្នុងសណ្ឋាគារសាលា ពោលសរសើរ គុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយ ក្នុងលើកទី ២ ទ