អដ្ឋកថាសីហសូត្រ

ក្បាលទី 30 · ទំព័រ 450

គប្បីជ្រាបវិនិច្ឆ័យក្នុងសីហសូត្រទី ២ ដូចតទៅនេះ បទថា អភិញ្ញាតា បានដល់ ស្គាល់គ្នាហើយ ប្រាកដហើយ ។ បទថា សន្ថាគារេ បានដល់ សណ្ឋាគាររបស់មហាជន គឺផ្ទះដែលសាង ដើម្បីសម្រាករបស់ មហាជន ។ បានឮថា សណ្ឋាគារសាលានោះ មាននៅត្រង់កណ្តាលក្រុង ប្រាកដដល់មនុស្សទាំង ២ ដែលនៅត្រង់ទ្វារទាំង ៤ ពួកមនុស្សដែលមក អំពីទិសទាំង ៤ សម្រាកត្រង់សណ្ឋាគារនោះសិន ក្រោយមក ទើបទៅកាន់ ទីផាសុកដល់ខ្លួន ។ អាចារ្យពួកខ្លះពោលថា ផ្ទះដែលសាងដើម្បីបដិបត្តិ រាជកិច្ចនៃរាជត្រកូល ដូច្នេះក៏មាន ។ ពិតហើយ ស្តេចលិច្ឆវីប្រថាប់គង់ត្រង់ សណ្ឋាគារនោះ ផ្តើមធ្វើរាជកិច្ច ។ បទថា សន្និសិន្នា សេចក្តីថា អង្គុយ ប្រជុំលើអាសនៈដែលខ្លួនតាក់តែង មានកម្រាលគួរដល់តម្លៃច្រើន លើក ស្វេតច្ឆត្រឡើងសម្រាប់ស្តេចលិច្ឆវីទាំងនោះប្រថាប់គង់ ។ បទថា អនេកបរិយាយេន ពុទ្ធស្ស វណ្ណំ ភាសន្តិ សេចក្តីថា ស្តេច លិច្ឆវីទាំងឡាយពិចារណាក្នុងរាជត្រកូល បំពេញប្រយោជន៍ដល់លោកហើយ ពោលសម្តែងគុណរបស់ព្រះពុទ្ធ ដោយហេតុមិនមែនតិច ។ ពិតហើយ ស្តេច ទាំងនោះជាបណ្ឌិត មានសទ្ធាជ្រះថ្លា ជាអរិយសាវ័ក ថ្នាក់សោតាបន្នខ្លះ សកទាគាមីខ្លះ អនាគាមីខ្លះ ស្តេចគ្រប់អង្គនោះកាត់ព្រៃស្តុក ដែលជាលោកិយ បានហើយ សរសើរគុណរបស់រតនៈទាំង ៣ មានព្រះពុទ្ធជាដើម ។ បណ្តា រតនៈទាំង ៣ នោះ ឈ្មោះថា ពុទ្ធគុណ មាន ៣ យ៉ាង គឺចរិយគុណ ១ សរីរគុណ ១ គុណគុណ ១ ។ បណ្តាគុណទាំង ៣ នោះ ស្តេចទាំងនេះ ប្រារព្ធព្រះចរិយាគុណ គឺពោលគុណរបស់ព្រះពុទ្ធដោយជាតក ៥៥០ រឿង ថា ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញបារមី ៣០ គឺបារមី ១០ ឧបបារមី ១០