អស្សាជានីយសូត្រ
ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អ របស់ស្តេចដែល ប្រកបដោយអង្គ ៨ យ៉ាង ជាសត្វគួរដល់ព្រះរាជា ជារាជបម្រើ ដល់នូវការរាប់ ថា ជាអង្គរបស់ព្រះរាជា ។ អង្គ ៨ យ៉ាងដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ សេះអាជានេយ្យដ៏ល្អរបស់ស្តេច ជាសត្វមានកំណើត ដ៏ល្អទាំងពីរខាង គឺទាំងខាងមេ និងខាងបា ១ សេះអាជានេយ្យទាំងឡាយដ៏ល្អ ដទៃទៀត កើតក្នុងទិសណា ក៏កើតក្នុងទិសនោះ ១ ជនទាំងឡាយ ឲ្យស្មៅ ស្រស់ក្តី ស្មៅស្ងួតក្តីណា ដល់វាៗ ក៏ចេះតែស៊ីស្មៅស្រស់ ឬស្មៅស្ងួតនោះ ដោយគោរព មិនឲ្យរាត់រាយ ១ ជាសត្វខ្ពើមរអើមនឹងការអង្គុយសង្កត់ នូវ ឧច្ចារៈ និងបស្សាវៈ ១ វាជាសត្វត្រេកអរ តែងសប្បាយ មិនបៀតបៀននូវ ពួកសេះដទៃ ១ ការអួតអាង កោង មឹតពត់ និងការវេចោទាំងឡាយណា របស់វាៗ ក៏ធ្វើនូវការអួតអាងជាដើមនោះ ឲ្យជាក់ច្បាស់គួរតាមពិត ដល់ នាយសារថីៗ ក៏ព្យាយាមដើម្បីញាំញីនូវការអួតអាងជាដើមរបស់វា ១ ជា សត្វតែងនាំទៅ តែងញ៉ាំងចិត្តឲ្យកើតឡើងថា ពួកសេះដទៃ ទោះនាំទៅ ក៏ដោយ មិននាំទៅក៏ដោយ អញនឹងនាំទៅដោយពិតក្នុងទីនោះ កាលដែល ទៅក៏រមែងទៅតាមផ្លូវត្រង់តែម្យ៉ាង ១ ជាសត្វមានកម្លាំងមាំមួន ដែលនឹងថយ កម្លាំង ត្រាតែសេចក្តីស្លាប់គ្របសង្កត់ជីវិត ១ ។ ម្នាលភិក្ខុទាំងឡាយ សេះ អាជានេយ្យដ៏ល្អរបស់ស្តេច ប្រកបដោយអង្គ ៨ យ៉ាងនេះឯង ជាសត្វគួរ ដល់ព្រះរាជា ជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជា ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក៏យ៉ាងនោះដែរ ជាអ្នកប្រកបដោយធម៌ ៨ យ៉ាង ទើបជា អ្នកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទ្ទិសចំពោះអ្នកមានសីល ហើយនាំមក បូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។