បឋមឧគ្គសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ជិតក្រុងវេសាលី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ ត្រាស់ហៅភិក្ខុទាំងឡាយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំ ទុកនូវឧគ្គគហបតី អ្នកស្រុកវេសាលី ថាជាអ្នកប្រកបដោយធម៌ អស្ចារ្យ ចម្លែក ៨ យ៉ាង ។ ព្រះដ៏មានព្រះភាគ បានត្រាស់នូវពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់នូវពាក្យនោះរួចហើយ ទើបក្រោកចាកអាសនៈ ហើយទ្រង់ស្តេច ចូលទៅកាន់វិហារ ។ គ្រានោះ មានភិក្ខុ ១ រូប ស្លៀកស្បង់ប្រដាប់បាត្រ និង ចីវរក្នុងបុព្វណ្ហសម័យ ចូលទៅកាន់លំនៅរបស់ឧគ្គគហបតី អ្នកស្រុកវេសាលី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក ។ ទើបឧគ្គគហបតី អ្នកស្រុកវេសាលី ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ ថ្វាយបង្គំ ភិក្ខុនោះដោយគោរព ហើយអង្គុយក្នុងទីសមគួរ ។ លុះឧគ្គគហបតី អ្នកស្រុក វេសាលី អង្គុយក្នុងទីសមគួរហើយ ភិក្ខុនោះក៏បានពោលដូច្នេះថា ម្នាល គហបតី អ្នកប្រកបដោយធម៌អស្ចារ្យចម្លែក ៨ យ៉ាង ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ ។ ម្នាលគហបតី អ្នកប្រកបដោយធម៌អស្ចារ្យ ចម្លែកទាំងឡាយ ណា ដែលព្រះដ៏មានព្រះភាគទ្រង់ព្យាករហើយ ធម៌អស្ចារ្យចម្លែកទាំង នោះ តើដូចម្តេច ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំព្រះករុណាមិនដឹងសោះ ថា ខ្ញុំព្រះករុណាប្រកបដោយធម៌អស្ចារ្យចម្លែក ៨ យ៉ាងដូចម្តេចខ្លះ ដែល ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ បពិត្រលោកម្ចាស់ដ៏ចម្រើន បុន្តែធម៌ អស្ចារ្យចម្លែក ៨ យ៉ាងណា ដែលមានដល់ខ្ញុំករុណា លោកម្ចាស់ចូរប្រុង ស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ ខ្ញុំព្រះករុណានឹងសម្តែងនូវធម៌អស្ចារ្យ ចម្លែកទាំងនោះ ។