បឋមពលសូត្រ

ក្បាលទី 30 · ទំព័រ 538

ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៨ យ៉ាង ។ កម្លាំង ៨ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ពួកក្មេងមានការយំ ជាកម្លាំង ១ ពួក មាតុគ្រាមមានសេចក្តីក្រោធ ជាកម្លាំង ១ ពួកចោរមានគ្រឿងអាវុធ ជាកម្លាំង ១ ពួកព្រះរាជាមានឥស្សរិយៈ ជាកម្លាំង ១ ពួកជនពាលមានការលើកទោស ជាកម្លាំង ១ ពួកបណ្ឌិតមានការរំពឹងគិត ជាកម្លាំង ១ ពួកពហុស្សូតមានការ ពិចារណា ជាកម្លាំង ១ ពួកសមណព្រាហ្មណ៍មានការអត់ធន់ ជាកម្លាំង ១ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៨ យ៉ាងនេះឯង ។