អដ្ឋកថាទុតិយពលសូត្រ

ក្បាលទី 30 · ទំព័រ 543

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយពលសូត្រទី ៨ ដូចតទៅនេះ បទថា ពលានិ បានដល់ កម្លាំង គឺព្រះញាណ ។ បទថា អាសវានំ ខយំ បដិជានាតិ សេចក្តីថា រមែងប្តេជ្ញានូវអរហត្ត ។ បទថា អនិច្ចតោ ប្រែថា ដោយអាការមានហើយ បែរជាមិនមាន ។ បទថា យថាភូតំ ប្រែថា តាម សេចក្តីពិត ។ បទថា សម្មប្បញ្ញាយ បានដល់ ដោយសម្មាវិបស្សនា និង មគ្គប្បញ្ញា ។ បទថា អង្គារកាសូបមា សេចក្តីថា កាមទាំងនេះ លោក ប្រៀបដូចរងើកភ្លើង ព្រោះអត្ថថា ធ្វើឲ្យក្តៅក្រហាយ ។ បទថា វិវេកនិន្នំ បានដល់ បង្អោនទៅក្នុងព្រះនិព្វាន ដោយអំណាចផលសមាបត្តិ ។ បទថា វិវេកដ្ឋំ បានដល់ វៀរ ឬឆ្ងាយចាកកិលេសទាំងឡាយ ។ បទថា នេក្ខម្មាភិរតំ បានដល់ ត្រេកអរក្រៃលែងក្នុងបព្វជ្ជា ។ បទថា ព្យន្តីភូតំ ប្រែថា មានទីបំផុត គឺតណ្ហាទៅប្រាសហើយ គឺដោយឯកទេស ក៏មិនជាប់ មិនប្រកប មិនពាក់ព័ន្ធ ។ បទថា អាសវដ្ឋានិយេហិ បានដល់ ចាកធម៌ដែលជាហេតុ នៃអាសវៈទាំងឡាយ ដោយអំណាចការប្រកប អធិប្បាយថា ចាកកិលេសធម៌ទាំងឡាយ ។ ម្យ៉ាងទៀត បទថា ព្យន្តីភូតំ ប្រែថា ប្រាសចាកតណ្ហា ដែលឈ្មោះថា តន្តី អធិប្បាយថា ប្រាសចាកតណ្ហា ។ បទថា សព្វសោ អាសវដ្ឋានិយេហិ ធម្មេហិ សេចក្តីថា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅក្នុង ភូមិទាំង ៣ ។ ក្នុងសូត្រនេះ លោកពោលដល់អរិយមគ្គជាលោកិយផង ជា លោកុត្តរផង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនមិនមានការចេះដឹង រមែងនិយាយ ថា សត្វលោកមានកិច្ចក្នុងខណៈ សត្វលោកមានកិច្ចក្នុងខណៈ តែបុថុជ្ជននោះ មិនដឹងនូវខណៈ ឬអក្ខណៈទេ ។ ម្នាលភិក្ខុទាំងឡាយ អក្ខណៈ អសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យនេះ មាន ៨ យ៉ាង ។