អដ្ឋកថាអក្ខណសូត្រ

ក្បាលទី 30 · ទំព័រ 550

បទថា សុប្បវេទិតេ សេចក្តីថា ដែលព្រះមានព្រះភាគ ត្រាស់ល្អ ហើយ ។ បទថា អន្តរាយិកា ប្រែថា ដែលធ្វើអន្តរាយ ។ បទថា ខណោ វោ មា ឧបជ្ឈគា សេចក្តីថា ខណៈដែលអ្នកបានហើយនេះ កុំកន្លងអ្នក ទាំងឡាយទៅឡើយ ។ បទថា ឥធ ចេ ន វិរាធេតិ សេចក្តីថា បើបុគ្គល ណាម្នាក់ មានប្រក្រតីប្រព្រឹត្តប្រមាទ សូម្បីបានខណៈនេះក្នុងលោកនេះ ហើយ ក៏មិនសម្រេច គឺមិនសម្រេចនូវភាពដែលព្រះសទ្ធម្មជារបស់ទៀងទាត់ គឺអរិយមគ្គ ។ បទថា អតីតត្ថោ បានដល់ ជាអ្នកវិនាសប្រយោជន៍ហើយ ។ បទថា ចិរត្តនុតបិស្សតិ សេចក្តីថា នឹងសោកស្តាយអស់កាលយូរ ។ ដូច ឈ្មួញម្នាក់ បានឮថា ក្នុងទីឈ្មោះនោះ ទំនិញមានតម្លៃស្មើគ្នា ក៏មិនទៅ ឈ្មួញដទៃទិញយកមក ទំនិញនោះក៏មានតម្លៃកើនឡើង ៨ ដង ១០ ដងខ្លះ កាលបើដូច្នោះ ឈ្មួញម្នាក់ទៀត គប្បីក្តៅក្រហាយគិតថា ប្រយោជន៍របស់ អញកន្លងទៅហើយ ដូច្នេះ យ៉ាងណា បុគ្គលណាបានខណៈក្នុងលោកហើយ មិនបដិបត្តិ មិនត្រេកអរ ក្នុងការកំណត់ពិតប្រាកដនៃព្រះសទ្ធម្ម បុគ្គលនោះ ឈ្មោះថា មានប្រយោជន៍កន្លងហើយ ដូចឈ្មួញនេះ នឹងក្តៅក្រហាយ នឹង សោកស្តាយអស់កាលយូរជាងបុគ្គលណាៗ ដូច្នោះ ។ បទថា អវិជ្ជានិវុតោ គប្បីជ្រាបសេចក្តីយ៉ាងនោះ ។ បទថា បច្ចវិទុំ ប្រែថា បានត្រាស់ដឹង ហើយ ។ បទថា សំវរា បានដល់ ដែលសង្រួមក្នុងសីល ។ បទថា មារធេយ្យសរានុគេ សេចក្តីថា ដែលរសាត់តាមសង្សារវដ្ត គឺជាចំណីមារ ។ បទថា បរគតា បានដល់ ដល់នូវព្រះនិព្វាន ។ បទថា យេ បត្តា អាសវក្ខយំ សេចក្តីថា ជនទាំងឡាយណា សម្រេចអរហត្តហើយ ។ ព្រះមាន ព្រះភាគត្រាស់វដ្តៈ និងវិវដ្តៈ ក្នុងព្រះគាថាទាំងឡាយ ក្នុងព្រះសូត្រនេះ ដោយប្រការដូច្នេះ ។