បឋមទានសូត្រ

ក្បាលទី 30 · ទំព័រ 572

ម្នាលភិក្ខុទាំងឡាយ ទាននេះមាន ៨ យ៉ាង ។ ទាន ៨ យ៉ាង តើដូចម្តេចខ្លះ ។ គឺបុគ្គលឲ្យទាន ព្រោះបានចាត់ចែងទុកស្រេច ១ ឲ្យទាន ព្រោះភ័យ ១ ឲ្យទានដោយគិតថា គេបានឲ្យដល់អញ ១ ឲ្យទានដោយគិត ថា គេនឹងឲ្យដល់អញវិញ ១ ឲ្យទានដោយគិតថា ទានជាការប្រពៃ ១ ឲ្យទាន ដោយគិតថា អញចម្អិន បុគ្គលទាំងឡាយនេះ មិនទាន់ចម្ហិន អញកាល ចម្អិន មិនគួរដើម្បីមិនឲ្យទានដល់បុគ្គលមិនទាន់ចម្ហិន ១ ឲ្យទាន ដោយគិត ថា កាលបើអញឲ្យនូវទាននេះ កិត្តិសព្ទដ៏ពីរោះ រមែងខ្ចរខ្ចាយទៅ ១ ឲ្យទាន ដើម្បីជាគ្រឿងប្រដាប់នៃចិត្ត និងជាបរិក្ខារនៃចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ទានមាន ៨ យ៉ាងនេះឯង ។