ទានវត្ថុសូត្រ
ក្បាលទី 30 · ទំព័រ 575
ម្នាលភិក្ខុទាំងឡាយ ទានវត្ថុនេះមាន ៨ យ៉ាង ។ ទានវត្ថុ ៨ យ៉ាង តើដូចម្តេចខ្លះ ។ គឺបុគ្គលឲ្យទាន ព្រោះសេចក្តីស្រឡាញ់ ១ ឲ្យទាន ព្រោះសេចក្តីខឹង ១ ឲ្យទានព្រោះសេចក្តីល្ងង់ ១ ឲ្យទានព្រោះសេចក្តីភ័យ ១ ឲ្យទានព្រោះគិតថា ជីដូនជីតាទាំងឡាយ ( របស់អញ ) ធ្លាប់ឲ្យ ធ្លាប់ធ្វើមក អញមិនគួរញ៉ាំងវង្សត្រកូលពីបុរាណនុ៎ះឲ្យវិនាស ១ ឲ្យទានព្រោះគិតថា អញ បានឲ្យទាននេះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ នឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ១ ឲ្យទានព្រោះគិតថា កាលអញឲ្យទាននេះ ចិត្តរមែងជ្រះថ្លា ទាំង សេចក្តីពេញចិត្ត និងសោមនស្ស ក៏រមែងកើតឡើង ១ ឲ្យទានដើម្បីជាគ្រឿង ប្រដាប់នៃចិត្ត និងជាបរិក្ខារនៃចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ទានវត្ថុមាន ៨ យ៉ាងនេះឯង ។ ៥