អដ្ឋកថាខេត្តសូត្រ

ក្បាលទី 30 · ទំព័រ 581

គប្បីជ្រាបវិនិច្ឆ័យក្នុងខេត្តសូត្រទី ៤ ដូចតទៅនេះ បទថា ន មហប្ផលំ ហោតិ សេចក្តីថា មិនមានផលច្រើន ដោយផលនៃពូជ ។ បទថា ន មហស្សាទំ សេចក្តីថា ការត្រេកអរចំពោះផលនៃពូជនោះ មិន មានច្រើន គឺមានការត្រេកអរតិច មិនឆ្ងាញ់ ។ បទថា ន ផាតិសេយ្យំ សេចក្តីថា ពូជនោះ រមែងមិនដុះដាល អធិប្បាយថា ពូជនោះ នឹងចម្រើន គឺមានដើមធំធាត់ល្អក៏មិនមែន ។ បទថា ឧន្នមិនិន្នាមិ បានដល់ ដីដែលមិន ស្មើ ព្រោះទួល និងទំនាប ។ ក្នុងទីទាំងនោះ ទីទួលមិនមានទឹកដក់ ទីទាប មានទឹកដក់ច្រើនពេក ។ បទថា បសាណសក្ខរិល្លំ សេចក្តីថា ប្រកបដោយ ថ្មតាំងនៅ និងក្រួសតូចធំ ។ បទថា ឩសរំ បានដល់ ទឹកប្រៃ ។ បទថា ន ច គម្ភីរសិតំ សេចក្តីថា មិនអាចភ្ជួរឲ្យនង្គ័លមុតជ្រៅបាន ព្រោះ ដីរឹង នង្គ័លក៏មុតរាក់ៗ បុណ្ណោះ ។ បទថា ន អាយសម្បន្នំ បានដល់ មិន សម្បូរដោយផ្លូវទឹក ហូរចេញទៅតាមក្រោយ ។ បទថា ន មាតិកាសម្បន្នំ សេចក្តីថា មិនសម្បូរដោយប្រឡាយតូចធំ ។ បទថា ន មរិយាទសម្បន្នំ សេចក្តីថា មិនសម្បូរដោយភ្លឺស្រែ ។ បទទាំងអស់មាន បទថា ន មហប្ផលំ ជាដើម គប្បីជ្រាបដោយអំណាចការឲ្យផលនោះឯង ។ បទថា សម្បន្នេ បានដល់ បរិបូណ៌ គឺប្រកបដោយគុណសម្បត្តិ ។ បទថា បវុត្តា ពីជសម្បទា បានដល់ ពូជដែលដាំសម្បូរ ។ បទថា ទេវេ សម្បាទយន្តម្ហិ សេចក្តីថា កាលភ្លៀងធ្លាក់ត្រូវតាមរដូវកាល ។ បទថា អនីតិសម្បទា ហោតិ សេចក្តីថា ការមិនមានភ័យអំពីសត្វល្អិត មានកណ្តូប និងដង្កូវជាដើម ជាការសម្បូរដ៏ក្រៃលែង ។ បទថា វិរុឡិ សេចក្តីថា ដុះដាល សម្បូរលំដាប់ទី ២ ។ បទថា វេបុល្លំ សេចក្តីថា ការបរិបូណ៌ ជា ការសម្បូរលំដាប់ទី ៣ ។