អដ្ឋកថាទានូបបត្តិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទានូបបត្តិសូត្រទី ៥ ដូចតទៅនេះ បទថា ទានូបបត្តិយោ បានដល់ ឧបបត្តិ មានទានជាបច្ច័យ ។ បទថា បទហតិ ប្រែថា តាំងទុក ។ បទថា អធិដ្ឋាតិ ជាវេវចនៈនៃពាក្យថា បទហតិ នោះឯង ។ បទថា ភាវេតិ ប្រែថា ឲ្យចម្រើន ។ បទថា ហីនេធិមុត្តំ បានដល់ បង្អោនទៅក្នុងចំណែកថោកទាប គឺកាមគុណ ៥ ។ បទថា ឧត្តរឹ អភាវិតំ បានដល់ មិនបានអប់រំដើម្បីជាប្រយោជន៍ដល់មគ្គ និងផល ជាន់ខ្ពស់ជាងនោះ ។ បទថា តត្ថូបបត្តិយា សំវត្តតិ សេចក្តីថា រមែង ប្រព្រឹត្តទៅដើម្បីកើតឡើងក្នុងឋានៈដែលខ្លួនប្រាថ្នា ហើយធ្វើកុសល ។ បទថា វីតរាគស្ស បានដល់ ដែលដករាគៈដោយមគ្គ ឬដែលសង្កត់ រាគៈដោយសមាបត្តិ ។ ពិតហើយ ត្រឹមតែទានបុណ្ណោះមិនអាចនឹងកើតក្នុង ព្រហ្មលោកបានឡើយ តែទានរមែងជាគ្រឿងប្រដាប់ហែហមរបស់ចិត្ត ដែល ប្រកបដោយសមាធិ និងវិបស្សនា បន្ទាប់អំពីនោះ បុគ្គលដែលមានចិត្តទន់ ដោយការឲ្យទាន ចម្រើនព្រហ្មវិហារ កើតក្នុងព្រហ្មលោក ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា វីតរាគស្ស នោ សរាគស្ស ដូច្នេះ ។