សប្បុរិសទានសូត្រ

ក្បាលទី 30 · ទំព័រ 593

ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះ មាន ៨ យ៉ាង ។ សប្បុរិសទាន ៨ យ៉ាង តើដូចម្តេចខ្លះ ។ គឺបុគ្គលឲ្យវត្ថុស្អាត ១ ឲ្យវត្ថុ ថ្លៃថ្លា ១ ឲ្យតាមកាល ១ ឲ្យវត្ថុគួរ ១ ជ្រើសរើសហើយទើបឲ្យ ១ ឲ្យទាន រឿយៗ ១ កំពុងឲ្យញ៉ាំងចិត្តឲ្យជ្រះថ្លា ១ លុះឲ្យផុតហើយ រមែងមានសេចក្តី ពេញចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាន ៨ យ៉ាងនេះឯង ។ បុគ្គល រមែងឲ្យនូវទានទាំងឡាយ គឺទឹក និងភោជនដ៏ ស្អាត ថ្លៃថ្លា តាមកាល វត្ថុដ៏គួររឿយៗ ចំពោះ ព្រហ្មចារីបុគ្គលទាំងឡាយ ដូចជាស្រែដ៏ល្អ ពួកអ្នក ប្រាជ រមែងសរសើរ នូវទានទាំងឡាយ ដែលបុគ្គល លះបង់នូវអាមិសៈជាច្រើន ដែលមិនគួរឲ្យកើតសេចក្តី ក្តៅក្រហាយ ហើយឲ្យយ៉ាងនេះ អ្នកប្រាជមានបញ្ញា ជាអ្នកមានសទ្ធា បានបូជាយ៉ាងនេះហើយ មានចិត្តរួច ស្រឡះ រមែងចូលទៅកាន់ទេវលោក ដែលមិនមាន សេចក្តីទុក្ខ មានតែសេចក្តីសុខ ។