អដ្ឋកថាវាសេដ្ឋសូត្រ

ក្បាលទី 30 · ទំព័រ 626

គប្បីជ្រាបវិនិច្ឆ័យក្នុងវាសេដ្ឋសូត្រទី ៤ នៃឧបោសថវគ្គទី ៥ ដូច្នេះ បទថា ឥមេ ចេបិ វាសេដ្ឋ មហាសាលា នេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងដើមសាលព្រឹក្ស ២ ដើម ដែលឈរនៅចំពោះព្រះភក្ត្រ ទើបត្រាស់ប្រៀបធៀបដោយបរិកប្ប លោកអធិប្បាយដូច្នេះថា ជាបឋម ដើមសាលព្រឹក្សទាំងនេះ មិនមានចិត្ត បើដើមឈើទាំងនេះមានចិត្ត គប្បី រក្សាឧបោសថប្រកបដោយអង្គ ៨ បានសោត ការរក្សាឧបោសថនោះរបស់ ដើមមហាសាលទាំងនោះ ក៏គប្បីមានដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរ នឹងពោលទៅថ្វី ក្នុងពួកមនុស្ស ។