គោតមីសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ គ្រានោះ ព្រះនាងមហាបជាបតិគោតមី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។ លុះព្រះនាងមហាបជាបតិគោតមី ឋិតនៅ ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាម គួរចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់សម្តែង ហើយ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ឃាត់ថា ម្នាលនាងគោតមី ណ្ហើយនាង កុំគាប់ ចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ ហើយបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុង ធម្មវិន័យ ដែលតថាគតបានសម្តែងឡើយ ។ ព្រះនាងមហាបជាបតិគោតមី ក្រាបថ្វាយបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ ជាគម្រប់ពីរដងថា បពិត្រព្រះអង្គ ដ៏ចម្រើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាម គួរចេញចាកផ្ទះ បានបព្វជ្ជា មិនមាន ប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់សម្តែងហើយ ។ ម្នាលនាងគោតមី ណ្ហើយនាង កុំគាប់ចិត្តឲ្យមាតុគ្រាម ចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យដែលតថាគតបានសម្តែងឡើយ ។ ព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះ ជាគម្រប់ បីដងថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាមគួរចេញចាកផ្ទះ បានបព្វជ្ជាមិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតសម្តែង ហើយ ។