ទីឃជាណុសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងនិគម ឈ្មោះ កក្ករបត្តៈ របស់កោឡិយក្សត្រ ក្នុងដែនកោឡិយៈ ។ គ្រានោះ ទីឃជាណុ- កោឡិយបុត្រ ( កោឡិយបុត្រឈ្មោះទីឃជាណុ ) ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគរួចហើយ អង្គុយ ក្នុងទីសមគួរ ។ លុះទីឃជាណុកោឡិយបុត្រ អង្គុយក្នុងទីសមគួរហើយ ក៏ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំព្រះអង្គ ជាគ្រហស្ថ បរិភោគកាម តែងគ្រប់គ្រងទីដំណេកចង្អៀតចង្អល់ដោយកូន ប្រោះព្រំនូវលំអិតនៃខ្លឹមចន្ទន៍ ពីដែនកាសី ទ្រទ្រង់ផ្កាកម្រង គ្រឿងក្រអូប គ្រឿង លាប ត្រេកអរនូវមាស និងប្រាក់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទ្រង់សម្តែងធម៌បែបនោះ ដល់យើងខ្ញុំទាំងឡាយនោះ ជាធម៌ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ន ដើម្បីប្រយោជន៍ ក្នុងបរលោក ដើម្បីសេចក្តីសុខក្នុងបរលោក ដល់យើងខ្ញុំព្រះអង្គ ។ ម្នាល ព្យគ្ឃបជ្ជៈ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុង បច្ចុប្បន្ន ដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ន ដល់កុលបុត្រ ។ ធម៌ ៤ ប្រការ តើ ដូចម្តេច ។ គឺឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ ។ ម្នាលព្យគ្ឃបជ្ជៈ ចុះឧដ្ឋានសម្បទា តើដូចម្តេច ។ ម្នាល ព្យគ្ឃបជ្ជៈ កុលបុត្រ ក្នុងលោកនេះ ចិញ្ចឹមជីវិត ដោយការប្រឹងប្រែង ក្នុង ការងារណា ទោះភ្ជួររាស់ក្តី ជួញប្រែក្តី រក្សាគោក្តី ការងាររបស់ខ្មាន់ធ្នូក្តី ការងាររបស់រាជបុរសក្តី សិល្បៈណាមួយក្តី ជាអ្នកបុិនប្រសប់ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយឧបាយ ជាគ