អដ្ឋកថា ទុតិយអដ្ឋបុគ្គលសូត្រ

ក្បាលទី 30 · ទំព័រ 699

បទថា ឱបធិកំ បានដល់ មានឧបធិជាវិបាកដ៏ក្រៃលែង ឬប្រមាណមិនបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរទទួលនូវ ចតុប្បច្ច័យ ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន ។ បុគ្គលទាំង ៨ ពួក តើដូចម្តេច ។ គឺបុគ្គលជាសោតាបន្ន ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សោតាបត្តិផល ១ បុគ្គល ជាសកទាគាមី ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សកទាគាមិផល បុគ្គលជាអនាគាមី ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ១ បុគ្គលជាអរហន្ត ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីអរហត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៨ ពួកនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃក្រៃលែង ជាងគ្មាន ។ បុគ្គល ៤ ពួក ជាអ្នកប្រតិបត្តិផង ៤ ពួកជាអ្នកតាំង នៅក្នុងផលផង នេះជាសង្ឃដ៏ឧត្តម ជាងសត្វទាំងឡាយ បុគ្គល ៨ ពួក រមែងធ្វើបុណ្យដ៏ក្រៃលែង ដល់ពួកសត្វ គឺមនុស្ស កាលស្វែងរកនូវបុណ្យហើយ បូជា ព្រោះទានដែលបុគ្គលឲ្យហើយ ចំពោះសង្ឃនុ៎ះ រមែងមានផលច្រើន ។ សន្ធានវគ្គទី ១ ចប់ ឧទ្ទាននៃសន្ធានវគ្គនោះ គឺ និយាយអំពីរឿងនាងមហាបជាបតិគោតមី ១ អំពីភិក្ខុគួរឲ្យឱវាទ ដល់ភិក្ខុនី ១ អំពីធម៌ដ៏សង្ខេប ១ អំពីទីឃជាណុកោឡិយបុត្ត ១ អំពីឧជ្ជយព្រាហ្មណ៍ ១ អំពីភ័យ ១ អំពីអាហុនេយ្យបុគ្គល មាន ២ លើក អំពីបុគ្គល ៨ ពួកមាន ២ លើក ។