ឥច្ឆាសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ រមែងមានប្រាកដក្នុង លោក ។ បុគ្គល ៨ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកស្ងាត់ តែប្រព្រឹត្តមិនជាប់លាប់ សេចក្តីប្រាថ្នាដើម្បីលាភ ក៏កើតឡើង ។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ។ កាល ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភក៏មិនកើតឡើង ។ ភិក្ខុនោះ រមែងសោកស្តាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់ នូវសេចក្តីវង្វេង ព្រោះមិនមានលាភនោះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ បុន្តែជា អ្នកមិនមានលាភផង សោកស្តាយផង ខ្សឹកខ្សួលផង ឃ្លាតចាកព្រះសទ្ធម្ម ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នក ស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្តីប្រាថ្នា ដើម្បីលាភ ក៏កើតឡើង ។ ភិក្ខុ នោះខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ។ កាលភិក្ខុនោះ ខំសង្វាត ខ្មី ឃ្មាត ព្យាយាម ដើម្បីលាភ លាភក៏កើតឡើង ។ ភិក្ខុនោះ ស្រវឹងជ្រុលជ្រប់ ដល់នូវសេចក្តីប្រមាទ ព្រោះលាភនោះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នាដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ជាអ្នក មានលាភផង ស្រវឹងផង ប្រមាទផង ឃ្លាតចាកព្រះសទ្ធម្មផង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិន ជាប់លាប់ សេចក្តីប្រាថ្នា ដើម្បីលាភក៏កើតឡើង ។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ។ កាលភិក្ខុនោះ មិនខំសង្វាត មិន ខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ លាភក៏មិនកើតដែរ ។