បឋមអលំសូត្រជាដើម
គប្បីជ្រាបវិនិច្ឆ័យក្នុងឥច្ឆាសូត្រទី ១ នៃចាលវគ្គទី ២ ដូច្នេះ បទថា បវិវិត្តស្ស បានដល់ ស្ងាត់ហើយដោយកាយវិវេក ។ បទថា និរាយត្តវុត្តិនោ បានដល់ អ្នកមានវិបស្សនាកម្ម មិនប្រព្រឹត្តទៅ ទាក់ទងគ្នាក្នុង អារម្មណ៍ណាមួយ ។ បទថា លាភាយ បានដល់ ដើម្បីបានបច្ច័យ ៤ ។ បទថា សោចិ ច បរិទេវិ ច ប្រែថា ការសោយសោក និងការខ្សឹកខ្សួល បាលីថា សោចិច្ច បរិទេវិច្ច ដូច្នេះក៏មាន ។ បទថា ចុតោ ច សទ្ធម្មា បានដល់ ឃ្លាតចាកព្រះសទ្ធម្ម គឺវិបស្សនាក្នុងខណៈនោះឯង ។ ក្នុងព្រះសូត្រ នេះ ត្រាស់វដ្តៈផង វិវដ្តៈផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ទើបគួរ ដល់ខ្លួន គួរដល់ពួកជនដទៃ ។ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នក ទ្រទ្រង់ធម៌ទាំងឡាយ ដែលខ្លួនស្តាប់ហើយ ១ ជាអ្នកពិចារណា នូវអត្ថនៃ ធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ១ ជាអ្នកដឹងនូវអត្ថ ដឹងនូវធម៌ ហើយ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ១ ជាអ្នកមានវាចាល្អ មានពាក្យពីរោះ ប្រកបដោយ វាចាអ្នកក្រុង ជាវាចាច្បាស់លាស់ ជាវាចាឥតទោស ជាគ្រឿងញ៉ាំង ជនឲ្យដឹងច្បាស់នូវសេចក្តី ១ ជាអ្នកញ៉ាំងពួកសព្រហ្មចារីឲ្យឃើញច្បាស់ ឲ្យ កាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ៦ យ៉ាងនេះឯង ទើបគួរដល់ខ្លួន គួរដល់ពួកជនដទៃ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរ ដល់ខ្លួន គួរដល់ពួកជនដទៃ ។