គយាសីសសូត្រ

ក្បាលទី 30 · ទំព័រ 720

សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងគយាសីសប្រទេស ទៀបស្រុកគយា ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅ ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ បេ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ កាលមុនអំពីការត្រាស់ដឹង តថាគតនៅជា ពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ ស្គាល់នូវពន្លឺដោយច្បាស់លាស់ តែ មិនឃើញនូវរូបទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏មានសេចក្តី ត្រិះរិះយ៉ាងនេះថា ប្រសិនបើតថាគតស្គាល់នូវពន្លឺផង ឃើញច្បាស់នូវរូប ទាំងឡាយផង ញាណទស្សនៈរបស់តថាគតនេះ គប្បីបរិសុទ្ធយ៉ាងក្រៃលែង យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ សម័យដទៃទៀត តថាគតនោះ ជាអ្នក មិនប្រមាទ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ ព្រះនិព្វាន ស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង តែមិន ឋិតនៅជាមួយ មិនចរចាជាមួយ មិនដល់នូវការសាកច្ឆា ជាមួយនឹងទេវតា ទាំងឡាយនោះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាង នេះថា ប្រសិនបើតថាគតស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយផង គប្បីឋិតនៅជាមួយ គប្បីចរចាជាមួយ គប្បីដល់នូវការសាកច្ឆា ជាមួយនឹងទេវតាទាំងឡាយផង ញាណទស្សនៈរបស់តថាគតនេះ គប្បីបរិសុទ្ធ ក្រៃលែង យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ សម័យមួយទៀត តថាគត នោះ ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានចិត្ត បញ្ជូនទៅកាន់ព្រះនិព្វាន ស្គាល់ច្បាស់នូវពន្លឺផង ឃើញច្បាស់នូវរូបទាំងឡាយ ផង ក៏ឋិតនៅជាមួយ ចរចាជាមួយ ដល់នូវការសាកច្ឆា ជាមួយនឹងទេវតា ទាំងឡាយនោះផង តែមិនស្គាល់នូវទេវតាទាំងឡាយនោះថា ទេវតាទាំងឡាយ នេះ មកអំពីទេវនិកាយឯណោះ