អដ្ឋកថាអភិភាយតនសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអភិភាយតនសូត្រទី ១២ ដូចតទៅនេះ បទថា អភិភាយតនានិ ប្រែថា ហេតុនៃការគ្របសង្កត់ ។ គ្របសង្កត់អ្វី គ្របសង្កត់ធម៌ដែលជាសត្រូវខ្លះ អារម្មណ៍ខ្លះ ។ ពិតហើយ ហេតុនៃការគ្រប សង្កត់ទាំងនោះ រមែងគ្របសង្កត់ធម៌ដែលជាសត្រូវ ដោយភាវៈជាបដិបក្ខ គ្របសង្កត់អារម្មណ៍ដោយភាវៈ ដែលបុគ្គលមានញាណខ្ពស់ក្រៃលែងឡើង ទៅ ។ ក្នុងពាក្យថា អជ្ឈត្តំ រូបសញ្ញី ដូច្នេះជាដើម រមែងឈ្មោះថា ជាអ្នក កំណត់រូបខាងក្នុង ដោយអំណាចបរិកម្មរូបខាងក្នុង ។ ពិតហើយ ភិក្ខុកាល ធ្វើបរិកម្មនីលកសិណខាងក្នុង រមែងធ្វើត្រង់សក់ ត្រង់ប្រមាត់ ត្រង់ភ្នែក ។ កាលធ្វើបរិកម្មបីតកសិណ រមែងធ្វើត្រង់ខ្លាញ់ខាប់ ត្រង់ស្បែក បាតដៃ និង បាតជើង ឬត្រង់ផ្នែកដែលមានពណ៌លឿងនៃភ្នែក ។ ការធ្វើបរិកម្មលោហិតកសិណ រមែងធ្វើត្រង់សាច់ ត្រង់ឈាម ត្រង់អណ្តាត ឬត្រង់ផ្នែកពណ៌ ក្រហមរបស់ភ្នែក ។ កាលធ្វើបរិកម្មឱទាតកសិណ រមែងធ្វើត្រង់ឆ្អឹង ត្រង់ ធ្មេញ ត្រង់ក្រចក ឬផ្នែកពណ៌សនៃភ្នែក ពណ៌នោះខៀវសុទ្ធ លឿងសុទ្ធ ក្រហមសុទ្ធ សសុទ្ធ ក៏មិនមែន ជាពណ៌មិនបរិសុទ្ធទាំងអស់ ។ បទថា ឯកោ ពហិទ្ធា រូបនិ បស្សតិ សេចក្តីថា បរិកម្មឯណាមួយ នៃភិក្ខុណាកើតឡើងខាងក្នុង តែនិមិត្តកើតឡើងខាងក្រៅ ភិក្ខុនោះ ឈ្មោះថា កំណត់រូបខាងក្នុង ដោយអំណាចបរិកម្មខាងក្នុង និងអប្បនាខាងក្រៅ ហៅថា ឯកោ ពហិទ្ធា រូបនិ បស្សតិ ប្រែថា រូបីបុគ្គល គឺបុគ្គល ដែលបានរូបជ្ឈានណាមួយ រមែងឃើញរូបខាងក្រៅ ។