ភូមិចាលសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ។ លុះទ្រង់ត្រាច់ទៅបិណ្ឌបាតក្នុងក្រុងវេសាលីហើយ ត្រឡប់ អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មាន អាយុថា ម្នាលអានន្ទ ចូរអ្នកកាន់យកនិសីទនៈទៅ យើងនឹងចូលទៅសម្រាក ក្នុងវេលាថ្ងៃឯបាវាលចេតិយ ។ ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏កាន់និសីទនៈ ទៅតាមខាងក្រោយៗ ព្រះដ៏មានព្រះភាគទៅ ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្តេចចូលទៅកាន់បាវាលចេតិយ លុះ ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ ។ លុះព្រះ ដ៏មានព្រះភាគគង់ហើយ ក៏ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រេកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរ ត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ។ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បើបុគ្គលណាមួយ បានចម្រើនហើយ បានធ្វើឲ្យ ច្រើន បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ ទុក បានប្រារព្ធល្អហើយ ម្នាលអានន្ទ បុគ្គលនោះ ទោះបីប្រាថ្នា នឹងគប្បីឋិតនៅ អស់ ១ អាយុកល្ប ឬលើសជាង ១ អាយុកល្បក៏បាន ។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង ៤ តថាគតបានចម្រើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជា យាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុក បានប្រារព្ធល្