បឋមលច្ឆាសូត្រជាដើម

ក្បាលទី 30 · ទំព័រ 788

ក្នុងឥច្ឆាសូត្រទី ៧ មានអត្ថងាយយល់ហើយ ។ ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុ ថា ។ បេ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៦ យ៉ាង គួរដល់ ខ្លួន ( ផង ) គួរដល់ពួកជនដទៃ ( ផង ) ។ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចុះចិត្តក្នុងកងធម៌ ជា កុសលដោយឆាប់ ១ ជាអ្នកចាំកងធម៌ ដែលខ្លួនស្តាប់ហើយ ១ ជាអ្នករំពឹង នូវសេចក្តីនៃកងធម៌ ដែលខ្លួនចាំហើយ ១ ជាអ្នកយល់អត្ថ យល់ធម៌ ហើយ ប្រតិបត្តិធម៌សមគួរតាមធម៌ ១ ជាអ្នកមានសម្តីពីរោះ មានសំឡេងពីរោះ ប្រកបដោយ វាចារបស់អ្នកក្រុង ជាវាចាក្បោះក្បាយ មិនរអាក់រអួល អាចបំភ្លឺសេចក្តី ឲ្យបុគ្គលដទៃដឹងច្បាស់ ១ ជាអ្នកសម្តែងធម៌ ពន្យល់ ណែនាំ ឲ្យពួកសព្រហ្មចារីយល់ប្រយោជន៍ ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យជឿជាក់ក្នុងកុសលធម៌ ឲ្យរីករាយ ១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ទាំង ៦ យ៉ាងនេះ គួរដល់ខ្លួនឯង ( ផង ) គួរដល់ពួកជនដទៃ ( ផង ) ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៥ យ៉ាង គួរ ដល់ខ្លួនឯង ( ផង ) គួរដល់ពួកជនដទៃ ( ផង ) ។ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនជាអ្នកចុះចិត្ត ក្នុងកងកុសលធម៌ដោយឆាប់ តែជាអ្នកចាំកងធម៌ ដែលខ្លួនស្តាប់ហើយ ១ ជាអ្នករំពឹងសេចក្តី នៃកងធម៌ ដែលខ្លួនចាំហើយ ១ ជាអ្នកយល់អត្ថ យល់ធម៌ ហើយប្រតិបត្តិ ធម៌សមគួរតាមធម៌ ១ ជាអ្នកមានសម្តីពីរោះ ១ ។