អដ្ឋកថាកុសីតវត្ថុសូត្រជាដើម

ក្បាលទី 30 · ទំព័រ 802

កុសីតវត្ថុសូត្រទី ១៨ ជាដើម [ ៩៥-៩៦ ] គប្បីជ្រាបវិនិច្ឆ័យក្នុងកុសីតវត្ថុសូត្រទី ១៨ ជាដើម ដូចតទៅនេះ បទថា កុសីតវត្ថូនិ បានដល់ វត្ថុ គឺទីតាំងនៃការខ្ជិលច្រអូស គឺបុគ្គលខ្ជិលច្រអូស អធិប្បាយថា ហេតុនៃការខ្ជិលច្រអូស ។ បទថា កម្មំ កត្តព្វំ ហោតិ បានដល់ ត្រូវធ្វើការងារ មានការបោកចីវរជាដើម ។ បទថា ន វីរិយំ អារភតិ បានដល់ មិនប្រារព្ធសេចក្តីព្យាយាមទាំង ២ យ៉ាង ។ បទថា អប្បត្តស្ស បានដល់ ដើម្បីដល់នូវធម៌ គឺឈាន វិបស្សនា មគ្គ និងផល ដែលមិនទាន់ដល់ ។ បទថា អនធិគតស្ស បានដល់ ដើម្បី សម្រេចនូវធម៌ គឺឈានជាដើមនោះឯង ដែលមិនទាន់សម្រេច ។ បទថា អសច្ឆិកតស្ស បានដល់ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ គឺឈានជាដើមនោះ ឯង ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ បទថា ឥទំ បឋមំ សេចក្តីថា ការរួញរាយ៉ាងនេះថា ណ្ហើយចុះ អញដេកសិន នេះជាកុសីតវត្ថុ គឺហេតុនៃ ការខ្ជិលច្រអូសប្រការទី ១ ។ គប្បីជ្រាបក្នុងបទទាំងអស់ដោយន័យនេះឯង ។ ក្នុងបទថា មាសាចិតំ មញ្ញេ នេះ មានវិនិច្ឆ័យដូចតទៅនេះថា ឈ្មោះថា ចិត្តដែលវង្វេង ប្រៀបដូចសណ្តែករាជមាសដែលសើមដោយទឹក អធិប្បាយ ថា សណ្តែករាជមាសដែលសើមដោយទឹក ជារបស់ធ្ងន់ យ៉ាងណា ភិក្ខុក៏ ជារបស់ធ្ងន់យ៉ាងនោះ ។ បទថា គិលានា វុដ្ឋិតោ ហោតិ សេចក្តីថា ភិក្ខុមានជំងឺ ខាងក្រោយជាហើយ ។ បទថា អារព្ភវត្ថូនិ បានដល់ ហេតុនៃការព្យាយាម ។ គប្បីជ្រាប សេចក្តី ក្នុងហេតុនៃការព្យាយាមនោះ ដោយន័យនេះឯង ។ ពាក្យដ៏សេស ក្នុងបទទាំងពួងមានអត្ថងាយយល់ហើយ ។ អដ្ឋកថា កុសីតវត្ថុសូត្រទី ១៨ ជាដើមចប់ ។