បុណ្ណិយសូត្រ
គ្រានោះ ព្រះបុណ្ណិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក៏អង្គុយ ក្នុងទីសមគួរ ។ លុះព្រះបុណ្ណិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើប ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុអ្វី បច្ច័យអ្វី បានជាក្នុងកាលខ្លះ ព្រះតថាគតទ្រង់សម្តែងធម្មទេសនា ក្នុងកាលខ្លះ ក៏មិនសម្តែង ។ ព្រះអង្គត្រាស់តបថា ម្នាលបុណ្ណិយៈ ភិក្ខុមានសទ្ធាហើយ តែ មិនចូលមករកទេ តថាគតក៏មិនទាន់សម្តែងធម្មទេសនា ម្នាលបុណ្ណិយៈ កាល បើភិក្ខុមានសទ្ធាផង បានចូលមករកផង យ៉ាងនេះ ទើបតថាគតសម្តែងធម្មទេសនា ម្នាលបុណ្ណិយៈ ភិក្ខុមានសទ្ធាផង បានចូលមករកផង តែមិនបាន ចូលមកអង្គុយជិត ។ បេ ។ បានចូលមកអង្គុយជិតហើយ តែមិនបានសាកសួរ បានសាកសួរហើយ តែមិនបានផ្ទៀងត្រចៀកស្តាប់ធម៌ ផ្ទៀងត្រចៀកស្តាប់ ហើយ តែមិនស្តាប់ឲ្យចាំធម៌ ស្តាប់ចាំធម៌ហើយ តែមិនពិចារណានូវសេចក្តី នៃធម៌ ដែលខ្លួនចងចាំហើយ ពិចារណានូវសេចក្តីនៃធម៌ដែលខ្លួនចងចាំហើយ តែមិនដឹងនូវអត្ថមិនដឹងនូវធម៌ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ទេ តថាគត ក៏មិនសម្តែងធម្មទេសនាឡើយ ។ ម្នាលបុណ្ណិយៈ កាលបើភិក្ខុមានសទ្ធាផង បានចូលមករកផង បានចូលមកអង្គុយជិតផង បានសាកសួរផង បានផ្ទៀង ត្រចៀកស្តាប់ធម៌ផង ស្តាប់ឲ្យចាំធម៌ផង ពិចារណានូវសេចក្តីនៃធម៌ដែលខ្លួន ចងចាំផង ដឹងនូវអត្ថដឹងនូវធម៌ហើយ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ផង យ៉ាង នេះ ទើបតថាគតសម្តែងធម្មទេសនា ។