អដ្ឋកថាចោរសូត្រ
[ ១០០-១០១ ] គប្បីជ្រាបវិនិច្ឆ័យក្នុងចោរសូត្រទី ៤ ដូចតទៅនេះ បទថា មហាចោរោ បានដល់ មហាចោរដែលអាចប្រទូស្តរាជសម្បត្តិបាន ។ បទថា បរិយាបជ្ជតិ បានដល់ ដល់នូវការវិនាស ។ បទថា ន ចិរដ្ឋិតិកោ ហោតិ បានដល់ មិនអាចរក្សាឲ្យតាំងនៅយឺនយូរបាន ។ បទថា អប្បហរន្តស្ស បហរតិ សេចក្តីថា ប្រហារបុគ្គលដែលមិនមានពៀរដល់ខ្លួន ដែលមិនប្រហារខ្លួន បានដល់ បុគ្គលដែលមានគុណ បុគ្គលដែលចម្រើន ដោយវ័យ និងបុគ្គលកំលោះ ដែលមិនគួរប្រហារ ។ បទថា អនវសេសំ អាទិយតិ បានដល់ កាន់យកមិនឲ្យសល់ ។ ពិតហើយ ទំនៀមរបស់ចោរ ដែលជាអ្នកឈ្លាស មានដូច្នេះ គឺសំពត់ ២ ផ្ទាំងរបស់អ្នកដទៃ កាន់យកតែ មួយផ្ទាំង បើមានមួយផ្ទាំង ទុកចំណែកដែលទ្រុឌទ្រោម កាន់យកតែចំណែក ល្អ បណ្តាកញ្ចប់បាយ និងអង្ករជាដើម ឲ្យចំណែកមួយ កាន់យកចំណែក មួយ ។ បទថា អច្ចាសន្នេ កម្មំ ករោតិ សេចក្តីថា ធ្វើចោរកម្មក្នុងទីជិត គាមនិគម និងរាជធានី ។ បទថា ន ច និធានកុសលោ ហោតិ សេចក្តីថា រមែងមិនជាអ្នកឈ្លាស ក្នុងការកប់ទ្រព្យដែលបានមក ទុកក្នុងទក្ខិណេយ្យបុគ្គល គឺមិនជម្រះផ្លូវទៅកាន់បរលោក ។