អដ្ឋកថាសមណសូត្រ

ក្បាលទី 30 · ទំព័រ 816

គប្បីជ្រាបវិនិច្ឆ័យក្នុងសមណសូត្រទី ៥ ដូចតទៅនេះ បទថា យំ សមណេន សេចក្តីថា គុណជាតណាដែលសមណៈគប្បីដល់ ។ បទថា វុសីមតា បានដល់ មានព្រហ្មចារ្យនៅចប់ហើយ ។ បទថា មុត្តោ មោចេមិ ពន្ធនា សេចក្តីថា តថាគតរួចផុតចំណងទាំងពួងដោយខ្លួនឯង ហើយញ៉ាំងមហាជនឲ្យផុតចាកចំណង មានរាគៈជាដើមផងដែរ ។ បទថា បរមទន្តោ សេចក្តីថា ដែលបុគ្គលណាម្នាក់មិនបានឲ្យសិក្សា មិនបានឲ្យឱវាទ ដឹងច្បាស់នូវសយម្ភូញាណ ឈ្មោះថា ជាអ្នកទូន្មានហើយដ៏កំពូល ព្រោះ ទូន្មានហើយ ដោយប្រយោជន៍ដ៏ក្រៃលែង ។ បទថា បរិនិព្វុតោ បានដល់ បរិនិព្វានហើយ ដោយកិលេសប្បរិនិព្វាន ។