អប្បសាទសូត្រ

ក្បាលទី 30 · ទំព័រ 825

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ ពួក ឧបាសកកាលប្រាថ្នា គប្បីសម្តែងសេចក្តីមិនជ្រះថ្លាបាន ។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្តេចខ្លះ ។ គឺភិក្ខុព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានលាភ ១ ព្យាយាមដើម្បីមិនឲ្យពួកគ្រហស្ថបានប្រយោជន៍ ១ ជេរប្រទេចពួក គ្រហស្ថ ១ បំបែកពួកគ្រហស្ថឲ្យបែកចាកពួកគ្រហស្ថ ១ តិះដៀលព្រះពុទ្ធ ១ តិះដៀលព្រះធម៌ ១ តិះដៀលព្រះសង្ឃ ១ ទាំងពួកទេវតា ក៏ឃើញនូវ ភិក្ខុនោះដោយហេតុនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការនេះឯង ពួកឧបាសកកាលប្រាថ្នា គប្បីសម្តែងសេចក្តីមិនជ្រះថ្លាបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ ពួក ឧបាសក កាលប្រាថ្នា គប្បីសម្តែងសេចក្តីជ្រះថ្លាបាន ។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្តេចខ្លះ ។ គឺភិក្ខុមិនព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានលាភ ១ មិនព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានប្រយោជន៍ ១ មិនជេរប្រទេច ពួកគ្រហស្ថ ១ មិនបំបែកពួកគ្រហស្ថ ឲ្យបែកចាកពួកគ្រហស្ថ ១ ពោល សរសើរព្រះពុទ្ធ ១ ពោលសរសើរព្រះធម៌ ១ ពោលសរសើរព្រះសង្ឃ ១ ពួកទេវតាឃើញភិក្ខុនោះ ដោយហេតុនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ប្រកបដោយធម៌ ៨ ប្រការនេះឯង ពួកឧបាសកកាលប្រាថ្នា គប្បីសម្តែងនូវ សេចក្តីជ្រះថ្លាបាន ។ ៥